ការផ្សាយរបស់គេហទំព័រអនឡាញបរទេសមួយ មួលបង្កាច់មកលើ រាជរដ្ឋាភិបាលកម្ពុជាថា អនុញ្ញាតឲ្យប្រទេសចិន ដាក់មូលដ្ឋានទ័ពនៅក្នុងខេត្តកោះកុង គឺជាការលាបពណ៌យ៉ាងគឃ្លើន
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ បានប្រកាសថា គេហទំព័រអនឡាញបរទេសមួយឈ្មោះ War On The Rocks បានព្យាយាមផ្សព្វផ្សាយចោទប្រកាន់ មួលបង្កាច់មកលើ រាជរដ្ឋាភិបាលកម្ពុជាថា អនុញ្ញាតឲ្យប្រទេសចិន ដាក់មូលដ្ឋានទ័ពនៅក្នុងខេត្តកោះកុង គឺជាការលាបពណ៌យ៉ាងគឃ្លើន និងមានចេតនានយោបាយទុច្ចរិត ធ្វើឱ្យពិភពលោក មានការភាន់ច្រឡំចំពោះប្រទេសកម្ពុជា ព្រមទាំងប៉ុនប៉ងរំខានដល់ការអភិវឌ្ឍរបស់ប្រទេស ក្នុងសហការពីវិនិយោគិនបរទេស និងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ។
លោកឈុំ សុជាត អ្នកពាក្យក្រសួងការពារជាតិ នៅថ្ងៃទី១១ឧសភានេះ បានសរសេរលើផេកហ្វេសប៊ុកថា កាលពីថ្ងៃទី៩៩ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ មានគេហទំព័រអនឡាញបរទេសមួយឈ្មោះ War On The Rocks បានព្យាយាមផ្សព្វផ្សាយចោទប្រកាន់ មួលបង្កាច់មកលើ រាជរដ្ឋាភិបាលកម្ពុជាថា អនុញ្ញាតឲ្យប្រទេសចិន ដាក់មូលដ្ឋានទ័ពនៅក្នុងខេត្តកោះកុង បើទោះបីជារាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់លាស់ ដោយមានរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលប្រទេស មកសំអាងយ៉ាងណាក៏ដោយ។
ការផ្សព្វផ្សាយលាបពណ៌យ៉ាងគឃ្លើន របស់គេហទំព័រនោះ គឺជាចេតនានយោបាយទុច្ចរិត ធ្វើឱ្យពិភពលោក មានការភាន់ច្រឡំចំពោះប្រទេសកម្ពុជា ព្រមទាំងប៉ុនប៉ងរំខានដល់ការអភិវឌ្ឍរបស់ប្រទេស ក្នុងសហការពីវិនិយោគិនបរទេស និងធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ដែលនឹងមកកាន់ប្រទេសកម្ពុជា កាន់តែច្រើន នាពេលខាងមុខ។
ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេសនេះ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានបញ្ជាក់ជំហរ យ៉ាងច្បាស់រួចហើយថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជានោះឡើយ ហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រកាសទៀតថា កម្ពុជាក៏មិនកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស ឬបញ្ជូនយោធាកម្ពុជាទៅក្រៅប្រទេស ក្រៅពីបេសកកម្មជាមួយ អង្គការសហប្រជាជាតិផងដែរ។
គម្រោង អភិវឌ្ឍន៍តំបន់វិស្សមកាលទេសចរណ៍តារាសាគរ នៅក្នុងខេត្តកោះកុង ដែលវិនិយោគទុនរាប់ពាន់លានដុល្លារ ដោយក្រុមហ៊ុនចិន គឺជាការរួមចំណែកលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
ប្រជាជនកម្ពុជា ពិតជាត្រេកអរណាស់ ដែលវិនិយោគិនចិន បានជឿជាក់លើស្ថិរភាពនយោបាយ មកបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសខ្លួន ជាមួយគ្នានេះ ប្រជាជនខ្មែរ ក៏ស្វាគមន៍រាល់ការវិនិយោគពីប្រទេសផ្សេងៗទៀតផងដែរ៕