ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ច ចុះរុះរើស្លាកយីហោ «សាច់មាន់លោក» និងណែនាំម្ចាស់ហាង អំពីច្បាប់ពាណិជ្ជនាមកម្ពុជា

90


ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយសាលារាជធានីភ្នំពេញ ចុះរុះរើស្លាកយីហោភោជនីយដ្ឋានចិន «សាច់មាន់លោក» ដែលបានបកប្រែពីភាសាអង់គ្លេស និងប្រើប្រាស់អក្ខរាវិរុទ្ធមិនត្រឹមត្រូវ ហើយបានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសាធារណជនខ្មែរ។

លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលដឹកនាំកម្លាំងសមត្ថកិច្ចចុះរុះរើស្លាកយីហោខាងលើ បានធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅលើដងវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ដោយមានការចូលរួមពីលោក ថេង សុថុល អភិបាលខណ្ឌចំការមន តំណាងសាលារាជធានីភ្នំពេញ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោក វ៉េង សុធី បានគូសបញ្ជាក់ថា ការប្រើប្រាស់អក្ខរាវិរុទ្ធ ឬពាក្យពេជន៍មិនត្រឹមត្រូវដូចជា «សាច់មាន់លោក» ពីសំណាក់ជនជាតិចិន ដែលជាម្ចាស់ភោជនីយដ្ឋាន នាំឱ្យមហាជនភាគច្រើនមានការយល់ច្រលំ។

«ក្រៅពីខុសអក្ខរាវិរុទ្ធ ភោជនីយដ្ឋានចិននេះ ពុំបានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម ពីក្រសួងពាណិជ្ជកម្ម និងច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធឡើយ ខណៈដែលកម្ពុជាយើង គឺជាប្រទេសនីតិរដ្ឋ ហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើការពង្រឹងអនុវត្តច្បាប់ ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម» លោក វ៉េង សុធី បានគូសបញ្ជាក់។

ទន្ទឹមគ្នានោះ លោក រដ្ឋលេខាធិការ ក៏បានណែនាំ និងពន្យល់ជនជាតិចិនម្ចាស់ហាង អំពីច្បាប់អាជីវកម្ម ពាណិជ្ជនាម និងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការ សម្រាប់អាជីវកម្ម ឬ ក្រុមហ៊ុន ព្រមទាំងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការពង្រឹង និងលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទដែលជាប់ទាក់ទង