ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ សំឡុតគម្រាមកំហែងក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់

108


បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់អាចត្រូវចោទពីបទ សំឡុតគម្រាមកំហែងក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី នៅថ្ងៃទី១៧ឧសភា។

ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្រ្កាបករណី សំឡុតគម្រាមកំហែងក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានអោយដឹងថា ៖ យោងពាក្យបណ្តឹងរបស់ឈ្មោះ អូន គន្ធា ភេទ ស្រី អាយុ ២៨ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ បច្ចុប្បន្នរស់នៅភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបភ្លាមៗ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ឈ្មោះ ភន ចាន់ថន ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិរ៉ាចំការចេក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ៖ ជនសង្ស័យ ប្រើប្រាស់គ្រឿងញៀនរាល់ថ្ងៃ និងតែងតែគម្រាមកំហែង និងជេរប្រមាថមកលើខ្លួន(ប្រពន្ធ)ជារៀងរាល់ថ្ងៃ ខ្លួនជាប្រពន្ធស៊ូទ្រាំនូវទង្វើរបស់ប្តីអស់រយៈពេលច្រើនឆ្នាំមកហើយ ហើយបានសំណូមពរដល់ប្តីរបស់ខ្លួនឲ្យឈប់ប្រើប្រាស់គ្រឿងញៀនតទៅទៀត តែប្តីមិនដែលស្តាប់ ថែមទាំងគម្រាមធ្វើបាប និងជេរប្រមាថគ្រប់បឬបយ៉ាងទៀតផង ។
ក្រោយធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យបានសារភាពថា ៖ ខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀន និងបានជេរប្រមាថ សំឡុតគម្រាមពិតប្រាកដមែន ។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់បន្ថែមថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងយោងតាមការធ្វើតេស្តទឹកនោម ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ សំឡុតគម្រាមកំហែងក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ កម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង