សំណេះសំណាលរវាងកងកម្លាំងនិងអាជ្ញាធរដើម្បីស្គាល់ចិត្តថ្លើមគ្នាលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ អភិបាលខណ្ឌចំការមនថ្មីលោក ថេង សុថុលកាលពីរសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៩នេះ បានជួបសំណេះសំណាលជាមួយកម្លាំងនគរបាលក្រោមឱវាទ ដើម្បីស្គាល់ចិត្តថ្លើមគ្នាលើកិច្ចការងារ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ។ ពិធីនេះធ្វើឡើងដោយមានការចូលរួមពីអស់លោក-លោកស្រី អភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌ ប្រមាណ២០០នាក់ ដើម្បីបង្កើនភាពស្និតស្នាលជាមួយគ្នា រវាងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ក្នុងការបំពេញការងាររក្សាសន្តិសុខសុវត្ថិភាពជូនប្រជាជនក្នុងមូលដ្ឋាន ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនថ្មីបានអោយដឹងថា ជានិច្ចកាល រវាងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវមានការទំនាក់ទំនងគ្នាជាប្រចាំក្នុងការបំពេញការងារ ហើយការចុះមកសំណេះសំណាលគ្នានិងសាកសួរសុខទុក្ខគ្នានៅពេលនេះឬថ្ងៃនេះ គឺដើម្បីអោយស្គាល់ចិត្តថ្លើមគ្នាផង និងជាការផ្សារភ្ជាប់ការងារអាជ្ញាធរ និងកងកម្លាំងនគរបាល អោយកាន់តែល្អប្រសើរលើការងារសន្តិសុខ និងការចុះរៀបចំសណ្តាប់ធ្នាប់ ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបន្តទៀតថា ខណៈជួបសំណេះសំណាល់ជាមួយកម្លាំងនគរបាលខណ្ឌនេះ លោកបានជំរុញដល់លោកអធិការ យិន សាន ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង និងការងារសណ្ដាប់ធ្នាប់ ពិសេសអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវផងដែរ ៕