ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រីករាយថ្ងៃឈប់សំរាក និងអនុមោទនា ថ្ងៃបុណ្យវិសាខបូជា យ៉ាងអធិកអធម នៅលើភ្នំព្រះរាជទ្រព្យ

119

ភ្នំពេញ៖ ថ្ងៃ១៥កើត ខែពិសាខ ពស២៥៦២ ដែលត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨នេះ គឺជាថ្ងៃបុណ្យវិសាខបូជា ដែលជាថ្ងៃសីលផងដែរ។ មិនថាតែនៅកម្ពុជាទេ គឺនៅថ្ងៃនេះពុទ្ធសាសនិកជនទូទាំងពិភពលោកបាននាំគ្នាប្រារព្ធពិធីបុណ្យសាសនាដ៏សំខាន់ខាងលើនេះផងដែរ។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង។

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃរាជរដ្ឋាភិបាល រួមជាមួយពុទ្ធបរិស័ទគ្រប់ទិសទី បានចូលរួមកម្មវិធីបុណ្យវិសាខបូជា នៅព្រះមហាក្យមុនីចេតិយ ភ្នំព្រះរាជ្យទ្រព្យ ស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

បើតាមផេកហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សូមជូនពរបងប្អូនជនរួមជាតិ ព្រមទាំងពុទ្ឋបរិស័ទទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើន និងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកការងារថ្ងៃសៅរ៍នេះផងដែរ។

បើតាមលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា ពិធីបុណ្យវិសាខបូជា ឬពិសាខបូជានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ សិស្សានសិស្សយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ ក៏មានការនិមន្តព្រះសង្ឃ និមន្តគោចរ និមន្តបណ្ឌិបាត្រ។ ពិធីបុណ្យវិសាខបូជា ចំនឹងថ្ងៃ១៥កើត ពេញបូណ៌មី ខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត ទ្រង់ត្រាស់ដឹង និងទ្រង់បានបរមាភិ សម្ពោធិទ្រង់រលត់ក្ខន្ធចូលកាន់ព្រះបរិនិព្វាន ធ្វើរំលឹកដល់ព្រះពុទ្ធសមណគោតមបរមគ្រូ​ គុណរបស់ព្រះអង្គ ជាការបូជាពិសេសប្រកបដោយជំនឿ ម្យ៉ាងសម្រាប់ពុទ្ធសាសនិកជន ទាំងព្រះសង្ឃ ទាំងគ្រហស្ថ នាំគ្នាធ្វើរាល់ឆ្នាំ រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនា៕

អត្ថបទដែលជាប់ទាក់ទង