ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំ ខ្លួន ប្រធានក្រុមហ៊ុន GCG ASIA ពីបទ ប៉ុនប៉ងឆបោក

85


ភ្នំពេញ៖ សំណុំរឿង ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ ត្រូវបាន ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លាង សំណាត់ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ YAW FOO HOE ជាប្រធានក្រុមហ៊ុន GCG ASIA ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន បន្ទាប់ពីព្រះរាជអាជ្ញារងលោក តុប ឈុនឡុង បានចោទប្រកាន់ពីបទ ប៉ុនប៉ងឆបោក តាមមាត្រា៣៧៧ មាត្រា៣៧៨ និងមាត្រា៣៨១ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីចៅក្រមស៊ើបសួរ ចេញដីកាបង្គាប់ឲ្យឃុំខ្លួននេះ ប្រធានក្រុមហ៊ុន GCG ASIA ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារហើយ។ ទាល់តែយ៉ាងណាពុំបានបញ្ជាក់ឈ្មោះនិងអត្តសញ្ញាណនៃជនជាប់ចោទទាំងពីរនាក់នេះនៅឡើយទេ។

សូមរំលឹកថា ប្រធានក្រុមហ៊ុនខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយប្រពន្ធ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ប៉ុន្តែបើតាមសមត្ថកិច្ចក្រោយពីសួរនាំ ស្រ្តីជាប្រពន្ធដែលរងការចាប់ខ្លួនជាមួយប្តីនោះ ត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យត្រឡប់ទៅវិញ ដោយសាររកមិនឃើញមានការជាប់ពាក់ព័ន្ធ នឹងបទល្មើសមួយនេះ។

អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់ ឲ្យដឹងថា ក្រុមហ៊ុន GCG ASIA Co., LTD ជាក្រុមហ៊ុនឆបោកលក្ខណៈអន្ដរជាតិ ហើយប្រទេសជាច្រើននៅតំបន់អាស៊ី បានរងគ្រោះដោយសារក្រុមហ៊ុននេះរួចហើយ។ ក្រោយកម្លាំងនគរបាលជំនាញ ជួបប្រជុំជាមួយមន្ដ្រីធនាគារជាតិបានរកឃើញថា ក្រុមហ៊ុនមួយនេះ មិនបានចុះបញ្ជីត្រឹមត្រូវជាមួយធនាគារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធនោះឡើយ ហើយពីមុនក្រុមហ៊ុននេះ ធ្លាប់រកស៊ីបោកប្រាសនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីជាដើម ហើយត្រូវបានអាជ្ញាធរប្រទេសទាំងនោះដឹង ហើយក៏បានរត់ចេញមកបោះមូលដ្ឋាននៅកម្ពុជា។ ពលរដ្ឋខ្មែរ មិនទាន់ចាញ់បោកក្រុមហ៊ុននេះនៅឡើយទេ មានភាគច្រើនតែជនជាតិចិន ព្រោះក្រុមហ៊ុននេះដាក់លក់តែនៅ ក្រៅប្រទេសប៉ុណ្ណោះ ប៉ុន្តែមានស្នាក់ការនៅកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន GCG Asia Co., LTD ដែលបានយកឈ្មោះ និងរូបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅបង្ហោះក្នុងគេហទំព័ររបស់ខ្លួន ដោយខុសច្បាប់ និងមានប្រតិកម្មភ្លាមៗ ពីប្រមុខនៃរាជរដ្ឋាភិបាលនោះ ត្រូវបានសមត្ថកិច្ច មន្រ្តីធនាគារជាតិ និងមន្រ្តីគណៈកម្មការមូលបត្រកម្ពុជា ចុះទៅបិទជាបណ្ដោះអាសន្ន នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

ចំណែកក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសព័ត៌មានថាក្រុមហ៊ុន GCG Asia ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដែលមានម្ចាស់ភាគហ៊ុន និងអភិបាលក្រុមហ៊ុន ជាជនជាតិខ្មែរ នឹងមានកម្មវត្ថុអាជីវកម្មពាក់ព័ន្ធនឹងអចនទ្រព្យ សំណង់ នាំចេញនាំចូល សណ្ឋាគារ សេវាអប់រំ និងភោជនីយដ្ឋាន។ ក្រុមហ៊ុននេះដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មិនមានការពាក់ព័ន្ធទៅនឹងករណីយកឈ្មោះ និងរូបភាពសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនា សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងយកឈ្មោះធនាគារជាតិនៃកម្ពុជា ទៅបង្ហោះក្នងគេហទំព័ររបស់ខ្លួនឡើយ គឺបុគ្គលបរទេសទេ ដែលបានប្រើប្រាស់ឈ្មោះក្រុមហ៊ុន gcg asia ផ្សេង ដែលមិនមែនជាក្រុមហ៊ុនចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង