ជនសង្សយ័ចំនួន០៧នាក់ ជាមុខសញ្ញារក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅវៀតណាម នៅពេលយប់ ត្រូវឃុំខ្លួនដាក់ពន្ធនាគារ
ស្វាយរៀង៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ឧសភានេះ បានឲ្យដឹងថា ជនសង្សយ័ចំនួន០៧នាក់ ដែលជាមុខសញ្ញាជាប់ទាក់ទិនក្នុងករណីរក្សាទុកនិងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅពេលយប់តាមរូបភាពស្ពាយទំនិញ ដើរកាត់វាលស្រែតំបន់ដាច់ស្រយាលឆ្លងព្រែក ដោយមានមុខសញ្ញាជាបក្ខពួក នៅប្រទេសវៀតណាម ត្រូវបានតុលាការ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារខេត្តស្វាយរៀង ជាបណ្តោះអាសន្ន។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបន្ថែមថា កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប រយៈពេល០៤ថ្ងៃ (១៣-១៤-១៦ខែឧសភា ឆ្នាំ២០១៩)ជនសង្សយ័ចំនួន០៧នាក់ (ស្រី០១នាក់ )ដែលជាមុខសញ្ញាជាប់ទាក់ទិនក្នុងករណីរក្សាទុកនិងដឹកជញ្ជួនគ្រឿងញៀនឆ្លងដែនខុសច្បាប់ រួមជាមួយវត្ថុតាងពាក់ពន្ធ័ ត្រូវបានកម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់។
ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្លាំងយោធាការពារព្រំដែនខេត្តឡុងអាន វៀតណាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ កម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវៃង និងក្រាមការដឹកនាំសម្របសម្រូលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្សយ័ចំនួន០៧នាក់ (ស្រី០១នាក់) រួមជាមួយវត្ថុតាងថ្នាំញៀនព្រមទាំងឧបករណ៍សម្ភារ និងមាសប្រាក់មួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងបទល្មើលជួញដូរគ្រឿងញៀនឆ្លងដែនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយើង បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបាននៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ជនសង្សយ័ដែលបានបង្ក្រាបចាប់ឃាត់ខ្លួននេះពួកគេ គឺជាមុខសញ្ញាសកម្មដែលរកសុីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅពេលយប់តាមរូបភាពស្ពាយទំនិញ ដើរកាត់វាលស្រែតំបន់ដាច់ស្រយាលឆ្លងព្រែក ដោយមានមុខសញ្ញាជាបក្ខពួក នៅប្រទេសវៀតណាម ចាំទទូលបញ្ជូនបន្ត៕