ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួងស្រេងអញ្ចើញបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌអាណត្តិទី៣នៅខណ្ឌព្រែកព្នៅ

128

ភ្នំពេញ៖លោកឃួងស្រេងសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញនិងជាប្រធានក្រុមការងារពង្រឹងខណ្ឌព្រែកព្នៅកាលពី

នៅព្រឹកថ្ងែទី២៤ខែឧសភាឆ្នាំ២០១៩នេះបានអញ្ចើញជាអធិបតីភាពក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខណ្ឌអាណត្តិទី៣ដែលបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅនិងបានបន្តដឹកនាំដង្ហែក្បួនឃោសនារកសំលេងឆ្នោតនៅតាមមូលដ្ឋានខណ្ឌព្រែកព្នៅ។

  លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែងតែទទួលបានជ័យជម្នះរាល់ការបោះឆ្នោត។ការដែលទទួលបាននូវភាពជោគជ័យនេះដោយសារតែការដឹកនាំរបស់សម្ដេចតេជោធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចំរើនឥតឈប់ឈរចាប់តាំងពីភូមិរហូតដល់សង្កាត់ខណ្ឌ។  ជាងនេះទៅទៀតសម្តេចបានប្រឆាំងដាច់ខាតចំពោះពួកអ្នកបំភ្លេចបំផ្លាញសុខសន្តិភាពដែលបានមកពីកម្លាំងញើសឈាមរបស់សម្ដេចសម្ដេចបានការកែទម្រង់ស៊ីជម្រៅទៅលើធនធានមនុស្សនិងហិរញ្ញវត្ថុនិងបានផ្ដល់នូវអំណាចទៅឲ្យថ្នាក់ក្រោមជាតិដើម្បីធ្វើការអភិវឌ្ឍន៍មូលដ្ឋានផ្ដល់សេវាឲ្យកាន់តែកៀកកិតជាមួយនឹងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។បានពង្រឹងនិងទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានជីវភាពធូរធារនិងប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

   លោកឃួងស្រេងក្នុងឱកាសនោះក៏បានសូមឲ្យអង្គបោះឆ្នោតត្រៀមខ្លួនដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខណ្ឌអាណត្តិទី៣នាថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០១៩ខាងមុខនេះ។

លោកឃួងស្រេងបានថ្លែងបន្តថាបេក្ខជនក្រុមប្រឹក្សាដែលជាអង្គបោះឆ្នោតត្រូវតែទទួលខុសត្រូវគ្រប់គ្រងសតិអារម្មណ៍វត្តមានថែទាំសុខភាពពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំហ្មត់ចត់ដើម្បីពង្រឹងការចងចាំថែមទៀតអំពីនីតិវិធីបោះឆ្នោតនិងត្រូវគោរពតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

   លើសពីនេះលោកបានថ្លែងកោតសសើរនិងវាយតំលៃខ្ពស់ចំពោះគណៈកម្មាធិការបក្សខណ្ឌសង្កាត់កងកម្លាំងប្រដាប់អាវុធនគរបាលកងរាជអាវុធហត្ថយោធាអាជ្ញាធរដែនដីសមត្ថកិច្ចគ្រប់ថ្នាក់ដែល

បានរួមចំណែកអនុវត្តគោលនយោបាយបក្សនិងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោហ៊ុនសែនធ្វើឲ្យបរិស្ថាននៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខណ្ឌអាណត្តិទី៣ឆ្នាំ២០១៩ប្រព្រឹត្តិទៅដោយសេរីនិងមានសុវត្ថិភាព។

   លោកសុខសម្បតិ្តប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅក្នុងឱកាសនោះដែរក៏បានលើកឡើងពីសកម្មភាពការងារមួយចំនួនរបស់សមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌសង្កាត់ដែលបានចូលរួមនៅក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ឧសភានៅកោះពេជ្រហើយនឹងបន្តការបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកដែលជាអង្គបោះឆ្នោតនៅតាមមូលដ្ឋានដើម្បីឲ្យចេះគូសសន្លឹកឆ្នោតលោកថាសម្រាប់ខណ្ឌព្រែកព្នៅសន្លឹកឆ្នោតដែលត្រូវគូសមានលេខរៀងលេខ៣និងសម្រាប់រាជធានីភ្នំពេញមានលេខរៀងលេខ៤។

   គួរបញ្ជាក់ថាបើតាមការឲ្យដឹងពីគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបញ្ជាក់ថានៅរាជធានីភ្នំពេញមានគណបក្សនយោបាយចំនួន៦បានចុះឈ្មោះជាផ្លូវការក្នុងការចូលរួមប្រកួតប្រជែងសំរាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣នេះ។

   គណបក្សទាំង៦នោះរួមមានគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា,គណបក្សឆន្ទះខ្មែរ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ៊្វុន ស៊ីនប៉ិច,គណបក្សសញ្ជាតិកម្ពុជា។តាមការចុះបញ្ជីគណបក្សនយោបាយនិងបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងនោះមណ្ឌលរាជធានីភ្នំពេញមានបេក្ខជនសរុបចំនួន២៧៤រូបស្រីចំនួន១១៥រូបនិងមណ្ឌលខណ្ឌទាំង១៤មានបេក្ខជនសរុបចំនួន១.៣៤៣រូបស្រី៥៣៧រូប។ក្រោយពីមានការជួបជុំនៅកោះពេជ្រអង្គមិទ្ទិញក៏បានបំបែកគ្នាដង្ហែរក្បួនទៅតាមខណ្ឌរៀងៗខ្លួនតាមកម្មវិធីដែលបានគ្រោងទុក៕

 

   

អត្ថបទដែលជាប់ទាក់ទង