ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ផ្តើមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី៣

94


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ បានចាប់ផ្តើមពីម៉ោង៧៖០០នាទី រហូតដល់ម៉ោង៣រសៀលថ្ងៃ។ការិយាល័យបោះឆ្នោត២០៣ការិយាល័យនៅទូទាំងប្រទេស។
លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប និងជាតំណាងប្រធាន គ.ជ.ប អញ្ជើញទៅពិនិត្យមើលដំណើរការបោឆ្នោត នៅការិយាល័យបោះឆ្នោតលេខ ០០១៣ វិទ្យាល័យព្រះយុគន្ធរ ស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សេចក្តីជូនដំណឹងពី គ.ជ.ប បានឲ្យដឹងថា នៅវេលាម៉ោង៤រសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ គ.ជ.ប នឹងសរុបព្រឹត្តិការណ៍ទូទៅនៃថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការ គ.ជ.ប ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាការបោះឆ្នោតមួយខុសពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលប្រកាន់យកលក្ខណៈសកល។ ដោយឡែកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាធ្វើឡើងដោយការបោះឆ្នោតអសកលសម្ងាត់ និងមិនចំពោះ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ធ្វើឡើងនៅថ្ងៃអាទិត្យ រាល់ ៥ឆ្នាំម្តង (កាលបរិច្ឆេទជាក់ស្តែង កំណត់ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ)។
ការបែងចែកអាសនៈតម្រូវតាមប្រព័ន្ធសមាមាត្រ ដោយត្រូវបែងចែកអាសនៈតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដែលផ្អែកតាមចំនួនអាសនៈ និងលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌល។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាចាប់ផ្តើមពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ម៉ោង ១៥៖០០រសៀល។
បេក្ខភាពក្រុមប្រឹក្សាដែលឈរឈ្មោះបោះឆ្នោត ត្រូវមានសញ្ជាតិខែ្មរពីកំណើត មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត។ មានសិទ្ធិបោះឆ្នោត និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌ ដែលបានកំណត់ដោយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ បេក្ខភាព ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលគណបក្សនយោបាយនោះបានចុះបញ្ជីត្រឹមត្រូវ តាមលក្ខខណ្ឌដូចមានចែង ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ និងបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតនៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ដោយឡែកអ្នកដែលមានសិទ្ធិទៅបោះឆ្នោត គឺជាសមាជិកប្រឹក្សាឃុំ/សង្កាត់ទាំងអស់ក្នុងតំណែង និងដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
យោងតាម គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៧ រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរសាធារណរដ្ឋ គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សសញ្ជាតិកម្ពុជា។
សម្រាប់អាសនៈសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសមានចំនួនសរុប ៤,១១៤អាសនៈ។ ក្នុងនោះអាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត (២៥) មានចំនួន ៥៥៩អាសនៈ, ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន២០៣ មានអាសនៈចំនួន ៣,៥៥៥អាសនៈ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងផងដែរថា បេក្ខភាពឈរឈ្មោះបោះឆ្នោតមកពីគណបក្សនយោបាយទាំង៧ មានចំនួនសរុប ២១,៦៩២នាក់ នារី ៧,២៧៨នាក់។ ក្នុងនោះពេញសិទ្ធិមានចំនួន ១០,៦៩៨នាក់ នារី ៣,២២០នាក់ និងបម្រុង ១០,៩៩៤នាក់ នារី ៤,០៥៨នាក់។
ដោយឡែកអង្គបោះឆ្នោតដែលជាក្រុមប្រឹក្សាឃុំ/សង្កាត់ (១,៦៤៦ឃុំ/សង្កាត់) មានចំនួនសរុប ១១,៥៧២នាក់ នារី ២,៣៨២។
គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣នេះ ក៏មានការអញ្ជើញចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតពីអង្គការ សមាគមក្រៅរដ្ឋាភិបាលចំនួន១៩ មានសមាជិករហូតដល់ប្រមាណ ១,០១០នាក់៕

អត្ថបទដែលជាប់ទាក់ទង