នីតិវិធីរួម ក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា នៅកន្លែងតែមួយ ដើម្បីបង្កើនចំណូលពន្ធរដ្ឋ
ភ្នំពេញ៖ នីតិវិធីរួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយ ធ្វើនីតិវិធីតែម្តងសម្រេច គឺបានបង្ហាញការគិតគូដិតដល់ និងយល់ពីតម្រូវការជាក់ស្តែង បង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ ជាពិសេសបង្កលក្ខណៈងាយស្រួល និងក៏ដូចជា បង្កើនចំណូលពន្ធរដ្ឋឲ្យ កាន់តែល្អប្រសើរផងដែរ។
នៅថ្ងៃចន្ទ ៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកពន្ធដារ បានជួបពិភាក្សាគ្នាអំពី “នីតិវិធីរួមក្នុងការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា” ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមួយចំនួនផងដែរ។
កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សាទៅលើលំហូរចរន្ត ដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការអនុវត្តនីតិវិធី នៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រា។ អង្គប្រជុំបានសម្រេចឯកភាព លើការធ្វើនីតិវិធីរួម ផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានៅកន្លែងតែមួយ ឆ្លុះបង្ហាញការគិតគូដិតដល់ និងយល់ពី តម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ បង្កភាពងាយស្រួល និងចំណេញពេលវេលា ។ នីតិវិធីរួមនេះ ត្រូវកំណត់ដោយ ប្រកាសអន្តរក្រសួងរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកទេសរដ្ឋមន្ត្រី និងលោកប្រតិភូរាជរដ្ឋាភិបាល មានសង្ឃឹមយ៉ាងមុតមាំថា លំហូរចរន្តដំណើរការតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការអនុវត្តនីតិវិធី នៃការផ្ទេរកម្មសិទ្ធិយានយន្ត និងបង់ពន្ធប្រថាប់ត្រានេះ នឹងដំណើរការទៅបានយ៉ាងរលូន នឹងជួយចូលរួម ទៅដល់ការពង្រឹងនូវគ្រប់គ្រងមធ្យោបាយ ធ្វើដំណើរ និងទិន្នន័យសន្តិសុខជាតិ ព្រមទាំងជួយបង្កើនចំណូលពន្ធរដ្ឋ ឱ្យបានកាន់តែមានភាពល្អប្រសើរឡើង៕