បញ្ជូនអត្តពលិក៦រូបទៅត្រាំពឹសនៅចិន
ភ្នំបេញ:គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជូនកីឡាចំនួន២ប្រភេទ គឺចំបាប់ និង កាយសម្ព័ន្ធទៅហ្វឹក្
ហាត់នៅប្រទេសចិនរយៈពេលវែង ដើម្បីត្រៀមស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាអ្នកជូនដំណើរកីឡាករទាំង៦រូបទៅប្រទេសចិន កីឡាករកីឡាការិនីកម្ពុជាទាំងនេះ នឹងហ្វឹកហាត់នៅទីនោះរហូតដល់ការប្រកួតកីឡាស៊ីហ្គេមតែម្តង។ ពោលគឺពួកគេនឹងចាកចេញពីប្រទេសចិន ទៅចូលរួមប្រកួតនៅប្រទេសហ្វីលីពីនតែម្តង។
កីឡាករកីឡាការិនីលើប្រភេទកីឡាចំបាប់ និងកាយសម្ព័ន្ធចំនួន៦នាក់ ត្រូវបានបញ្ជូនទៅហ្វឹកហាត់ពង្រឹងសមត្ថភាពនៅប្រទេសចិនរយៈពេល៦ខែ គឺចន្លោះពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩។ ការបញ្ជូនទៅហ្វឹកហាត់នៅចិននេះ គឺដើម្បីត្រៀមការប្រជែងដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ ខាងមុខនេះ។
កីឡាករកីឡាការិនីទាំងនេះរួមមានកីឡាការិនីចំបាប់ ឌន ស្រស់, ជា កញ្ញា, ឌិត សំណាង, សឿន នឿន, យុន ដាណេ និងកីឡាករកាយសម្ព័ន្ធ អៀ សៀវមីង។ ពួកគេទាំងនេះបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ដោយមានលោក វ៉ាត់ ចំរើន និងលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធ អមដំណើរជាមួយ។ សម្រាប់ការហ្វឹកហាត់នៅប្រទេសចិននេះ គឺទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក ថាង ហ្គោដុង (Tang Gordon) អនុប្រធានទី១នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កីឡាករ អៀ សៀវមីង ជាកីឡាករកាយសម្ព័ន្ធទី២ ដែលបានទៅហ្វឹកហាត់នៅចិនឆ្នាំនេះ ក្រោយកីឡាករ វៃ ភ័ក្ត្រាត្រូវបានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបញ្ជូនទៅហ្វឹកហាត់នៅប្រទេសនេះកាលពីអំឡុងខែមេសាឆ្នាំ២០១៩កន្លងទៅ។ មិនខុសពី សៀមីង នោះទេ ការហ្វឹកហាត់របស់ ភ័ក្ត្រា ក៏ដើម្បីត្រៀមព្រឹត្តិការណ៍ិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនផងដែរ៕