អាជ្ញាធររាជធានីភ្នំពេញជំរុញការពន្លឿនដោះស្រាយបញ្ហាលំនៅដ្ឋានជូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងខណ្ឌឬស្សីកែវ
ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញដឹកនាំដោយលោកឃួងស្រេងជាអភិបាលរាជធានីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងប្រឡាយអូរវែងកាលពីរសៀលថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៩នេះបានជំរុញអាជ្ញាធរខណ្ឌនិងមន្ទីរពាក់ព័ន្ធពន្លឿនលើការដោះស្រាយបញ្ហាលំនៅដ្ឋានជូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវរថភ្លើងក្នុងខណ្ឌឬស្សីកែវអោយបានលឿនដើម្បីអោយការស្ថាបនាផ្លូវលើបណ្ដាញផ្លូវរថភ្លើងនេះបានលឿនទៅតាមអ្វីដែលបានគ្រោងទុក។
លោកឃួងស្រេងបានមានប្រសាសន៍លើកឡើងថាបញ្ហាស្មុកស្មាញមួយចំនួនជាមួយនឹងប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយរថភ្លើងចាប់ពីផ្លូវជាតិលេខ៥(គីឡូម៉ែត្រលេខ៦)រហូតមកដល់ផ្លូវលេខ៧០(ទំនប់ទួលគោក)ឃើញថាបានដោះស្រាយល្អប្រសើរមួយចំនួនធំហើយហើយប្រជាពលរដ្ឋក៏បានយល់ពីបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការស្ថាបនាផ្លូវនៅលើផ្លូវរថភ្លើងជាមួយនឹងការដោះស្រាយបញ្ហាដីធ្លីចំពោះអ្នកដែលត្រូវចាកចេញពីលើបណ្ដោយផ្លូវរថភ្លើងនេះហើយដែរ។
លោកបញ្ជាក់ផងដែរថាការបង្កើតអោយមានកិច្ចប្រជុំនេះឡើងគឺដើម្បីរកចំណុចប្រឈមមួយចំនួនដើម្បីយើងយកបញ្ហាប្រឈមទាំងនោះមកដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានលឿន។
លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងក្នុងអង្គប្រជុំនោះថាប្រជាពលរដ្ឋដែលរស់នៅលើផ្លូវរថភ្លើងដែលទទួលរងផលប៉ះពាល់លំនៅដ្ឋានទាំងស្រុងឬនៅសល់មួយចំណែកតូចនោះគឺមានចំនួន៣២០គ្រួសារហើយប្រជាពលរដ្ឋទាំងនេះត្រូវផ្លាស់មករស់នៅតាមបណ្ដោយប្រឡាយអូរវែងជាមួយនឹងការប្រទានកម្មសិទ្ធិដីធ្លីជូនពួកគាត់នៅដីទំហំ៤ម៉ែត្រគុណ១៥ម៉ែត្រតាមបណ្តោយមាត់ប្រឡាយ។ចំពោះដំណោះស្រាយខាងលើនេះត្រូវបានប្រជាពលរដ្ឋសាទរផងដែរហើយអ្វីដែលជាការងារចំពោះមុខរបស់យើងគឺការចាក់ស៊ីផាយដើម្បីស្ថាបនាជញ្ជាំងប្រឡាយនិងការចាក់ដីពុះឡូតិ៍ចែកជូនប្រជាពលរដ្ឋទាំង៣២០គ្រួសារ៕