រកឃើញសំបុកពងក្រពើត្រីចំនួន ៤៨ពង ដែលជិតផុតពូជ នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល
ក្រុមអភិរក្សនៃរដ្ឋបាលជលផល អង្គការ WCS និងក្រុមការពារសំបុកក្នុងមូលដ្ឋាន បានរកឃើញសំបុកពងក្រពើត្រីចំនួន ២សំបុក មាន ៤៨ពង នៅត្រពាំងចំនួនពីរ តាមប្រព័ន្ធដងព្រែកស្រែអំបិល ក្នុងខេត្តកោះកុង កាលពីដើមសប្តាហ៍នេះ។
អង្គការ WCS ដែលផ្សព្វផ្សាយ លើផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី 14 មិថុនា បានដឹងថា
សត្វក្រពើត្រី ឬហៅតាមឈ្មោះវិទ្យាសាស្ត្រថា Crocodylus siamensis ត្រូវបានកត់ត្រានៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCNជាប្រភេទសត្វដែល កំពុងរងការគំរាមកំហែងជិតផុតពូជ ដោយសារចំនួនរបស់វានៅទូទាំងពិភពលោក កំពុងធ្លាក់ចុះយ៉ាងខ្លាំង។ ប្រភេទក្រពើត្រីនេះ មានរស់នៅក្នុងប្រទេសកម្ពុជា ឡាវ ថៃ វៀតណាម និងទំនងជាអាចមាននៅក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ារ និងឥណ្ឌូណេស៊ីដែរ។ តាមការប៉ាន់ស្មាន នៅកម្ពុជា មានក្រពើត្រីនេះ ក្នុងវ័យជំទង់ប្រហែលចន្លោះពី ១០០ ទៅ ៣០០ក្បាល ដែលបង្ហាញថា កម្ពុជាគឺជាទីជម្រកដ៏សំខាន់បំផុត សម្រាប់ប្រភេទសត្វក្រពើត្រីនេះ៕