គ្រោងលែង ត្រីគ្រប់ប្រភេទ ១លានកូន ក្នុងបឹងធម្មជាតិ ស្មោរ
ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា ឆ្នាំ២០១៩នេះរដ្ឋបាលជលផល គ្រោងយកកូនត្រីគ្រប់ប្រភេទ កូនបង្កង និងសត្វល្មូនមួយចំនួនទៀតសរុបជាង ១លានកូន និងពូជត្រីជាច្រើនទៀតមកលែងក្នុងបឹងធម្មជាតិឈ្មោះបឹងស្មោរដែលមានផ្ទៃក្រឡាជាង ១០០ហិកតា ក្នុងទិវាមច្ឆជាតិដែលឆ្នាំនេះក្រសួងគ្រោងនឹងប្រារព្វនៅថ្ងៃទី០១ ខែកក្កដា នៅទីរួមខេត្តឧត្តមានជ័យ ដែលគ្រោងនឹងប្រារព្វនៅថ្ងៃទី០១ ខែកក្កដា។
នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំទិវាមច្ឆជាតិដែលឆ្នាំនេះក្រសួងគ្រោងនឹងប្រារព្វនៅថ្ងៃទី០១ ខែកក្កដា នៅទីរួមខេត្តឧត្តមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍវិស័យកសិកម្ម និងជនបទ។
បន្ទាប់ពីបានពិនិត្យទីតាំងរៀបចំរួចមក លោករដ្ឋមន្ត្រីស្នើឲ្យក្រុមការងារខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យគម្រោងរៀបចំទិវានេះរួចរាល់ សព្វគ្រប់បានទាន់ពេលវេលាដូចកាលបរិច្ឆេទ។ ដើម្បីបង្កើនផលិតភាពផលិតកម្មវារីវប្បកម្ម លោកបានណែនាំឲ្យរដ្ឋបាលជលផល ថ្នាក់កណ្តាលខេត្តរៀបចំទិវាមច្ចជាតិឲ្យបានគ្រប់ខេត្ត ប្រយោជន៍ ដើម្បីផ្សព្វផ្សាយពូជត្រីមួយចំនួន ដែលជិតផុតពូជ បង្កើនផលចាប់ពីប្រភពធម្មជាតិ និងរួមគ្នាថែរក្សា ការពារ និងអភិរក្សមច្ចជាតិយើងឲ្យបាន ស្ថិតស្ថេរគង់វង្ស សម្រាប់កូនខ្មែរជំនាន់ក្រោយ។
សូមបញ្ជាក់ថា ឆ្នាំនេះរដ្ឋបាលជលផល គ្រោងយកកូនត្រីគ្រប់ប្រភេទ កូនបង្កង និងសត្វល្មូន មួយចំនួនទៀតសរុបជាង ១លានកូន និងពូជត្រីជាច្រើនទៀត មកលែងក្នុងបឹងធម្មជាតិ ឈ្មោះបឹងស្មោរដែលមានផ្ទៃក្រឡាជាង ១០០ហិកតា៕