ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីសម្រាកព្យាបាល៩ថ្ងៃអស់រហូត ៥២០០ដុល្លានោះប្រសិនជាការពិត វាមិនខុសអ្វីពី ប្លន់ទេ ដែលត្រឹមជំងឺគ្រុនឈាម

47

ភ្នំពេញ៖ បន្ទាប់ពីមាន​ករណី​គ្លីនិក​ឯក​ជន​មួយ មាន​ឈ្មោះ​បន្ទប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ ហម ឡុង ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​មាន​ជំងឺ​គ្រុនឈាម​ម្នាក់​រយៈ​ពេល​៩​ថ្ងៃ ហើយ​ពេល​គិត​វិក្កយបត្រ​អស់​ប្រាក់​រហូត​ដល់​ទៅ ៥២០០ដុល្លារ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រួសារ​អ្នក​ជំងឺ ត្រូវបានលោកវីល្លាមប្រតិកម្មយ៉ាងខ្លាំងថា ប្រសិនជាការពិត វាមិនខុសអ្វីពី ប្លន់ទេ ដែលត្រឹមជំងឺគ្រុនឈាម។

លោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅថ្ងៃទី១៥មិថុនានេះ បានសរសេរលើហ្វេសប៊ុកថា
សម្រាកព្យាបាល៩ថ្ងៃអស់រហូត ៥២០០ដុល្លានោះ នេះជាបន្ទប់ពិនិត្យជំងឺធម្មតា មិនមែនជាគ្លីនិកឯកជនមានស្តង់ដាត្រឹមត្រូវនោះឡេីយ តម្លៃនេះគឺ គេហៅថាប្លន់តាមវិជ្ជាជីវៈ ត្រូវមានវិធានការបន្ទាន់ បណ្ដែតបណ្ដោយបែបនេះគឺបណ្ដាលអោយខូចឈ្មោះ ពេទ្យគេដែលល្អផ្សេងទៀត ។

លោកបានថ្លែងថា ករណីរបៀបនេះក្នុងកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល យេីងខ្ញុំនិងលេីកឡេីងដេីម្បីទប់ស្កាត់ការយកសេវាសុខាភិបាលឯកជនដែលថ្លៃហួសកំរិត ! ជាពិសេសគួរមានច្បាប់កំណត់ផងដែរ ចំពោះសេវាសុខាភិបាលឯកជន ថាហ៊ានយកលុយគេ ចុះបេីអ្នកជំងឺមានបញ្ហា តេីការទទួលខុសត្រូវគឺរបៀបណា ?

សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ករណី​គ្លីនិក​ឯក​ជន​មួយ មាន​ឈ្មោះ​បន្ទប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ ហម ឡុង ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​មាន​ជំងឺ​គ្រុនឈាម​ម្នាក់​រយៈ​ពេល​៩​ថ្ងៃ ហើយ​ដល់ពេល​គិត​វិក្កយបត្រ​អស់​ប្រាក់​រហូត​ដល់​ទៅ ៥២០០ដុល្លារ ទើប បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រួសារ​អ្នក​ជំងឺ នាំគ្នាស្រែកតវ៉ា។ ភាគី​ខាង​គ្រួសារ​អ្នក​ជំងឺ​នៅពេល​ដែល​ឃើញ​វិក្កយបត្រ​មាន​ទឹក​ប្រាក់​ចំនួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់បែប​នេះ ក៏​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ព្រោះ​មិន​ដែល​គិត​ថា​ គ្រាន់​តែ​គ្រុនឈាម​សោះ​អស់​ប្រាក់​ច្រើន​បែប​នេះ។ ដោយ​គ្មាន​ប្រាក់​គ្រប់​ផង​ធ្វើ​ឲ្យ​ម្ដាយ​អ្នក​ជំងឺ សុំ​អង្វរ​ឲ្យ​ជួយ​​លោក​គ្រូ​ពេទ្យ​ជួយ​ចុះ​ថ្លៃ​បន្តិច តែ​លោក​គ្រូ​ពេទ្យ​មិន​ព្រម បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​គ្នា​តែ​ម្តង។

តាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ ខេមរា គូប៉ូតា បាន​សរសេរ​រៀប​រាប់​ថា៖ «ដេក​ពេទ្យ៩​ថ្ងៃ​ចេញ​វិក្កយបត្រ ៥២០០$​ ជំងឺ​គ្រុន​ឈាម ជួយ​ឲ្យ​គាត់​ល្បី​ផង​បង​ប្អូន​​ជិត​ផ្សារ​ឌុយ​មិច»។ ក្នុង​វីដេអូ​ខ្លីប​ប្រមាណ​៧​នាទី​បាន​ឲ្យ​ដឹង​ថា កាល​ដើម​ឡើយ​ពេល​ម្ដាយ​អ្នក​ជំងឺ​ឃើញ​វិក្កយបត្រ​អស់​ប្រាក់​ច្រើន​បែប​នេះ ​ក៏​សួរ​ទៅ​គ្រូ​ពេទ្យ​ឲ្យ​ចុះ​ថ្លៃ តែ​ត្រូវ​ស្ត្រី​ម្នាក់​និយាយ​ខ្លាំងៗ​ថា «កូន​ឈឺ​អស់​១០​ថ្ងៃ​ពេញ​មិន​មែន​បួន​ប្រាំ​ថ្ងៃ​ទេ ប្រើ​សុទ្ធ​តែ​ថ្នាំ​ថ្លៃៗ ស្គាល់​ហើយ​អ្នកខេត្តពេទ្យ​មើល​ជំងឺ​​ជា​ហើយ​កុំ​ចង់​ធ្វើ​បាប​ពេទ្យ!» គ្រូ​ពេទ្យ​បន្ថែម​ថា​ប្រើ​សុទ្ធ​តែ​ថ្នាំ​ថ្លៃៗ ក្នុង​មួយ​ថ្ងៃ​៣០០ ដុល្លារ ហើយ​នៅ​មាន​ ថ្នាំ​បន្ថែម​ផ្សេងៗ​ទៀត។

គ្រូ​ពេទ្យ​បាន​បន្ថែម​ទៀត​ថា «អ៊ី​ឯង​ពេល​កូន​ឈឺ​ដំបូង​ប្រាប់​ថា ​អស់​ប៉ុន្មាន​អស់​ទៅ​ឲ្យ​តែ​កូន​ជា តែ​ពេល​កូន​ជា​ហើយ​ស្រែក​ថា​អស់​ថ្លៃ»។ បន្ទាប់​ពី​វីដេអូ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​បាន​ចែក​រំលែក​ ហើយ​អ្នក​ខ្លះ​បាន​បញ្ចេញ​មតិ​យោបល់​ថា លោក​គ្រូ​ពេទ្យ ទោះ​ប្រើ​ថ្នាំ​ថ្លៃ​បែប​ណា​ក៏​មិន​អស់​ដល់​ ៥២០០ដុល្លារដែរ បើ​គ្រាន់​តែ​ជំងឺ​គ្រុន​ឈាម​នោះ ឯ​អ្នក​ខ្លះ​ទៀត​ថា​ជំងឺ​គ្រុន​ឈាម​កូន​គាត់​មើល​អស់​តែ​៤០ដុល្លារផង ហើយ​ពេទ្យ​ឯក​ជន​ទៀត៕

អត្ថបទដែលជាប់ទាក់ទង