ទុករយៈពេល២សប្តាហ៍សម្រាប់ ប្រជាពលរដ្ឋ ១៤គ្រួសារនៅបុរីកីឡាផុតរយៈពេលនេះអាជ្ញាធរនឹងប្រើវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវចំពោះការខូចខាតសំភារៈឡើយ
ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញបានសម្រេចទុករយៈពេល២សប្តាហ៍ចំពោះប្រជាពលរដ្ឋនៅសេសសល់ចំនួន១៤គ្រួសារនៅតំបន់បុរីកីឡាដែលមិនទាន់ទទួលយកការដោះស្រាយគោលនយោបាយពីរដ្ឋបាលរាជធានីដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះថ្ងៃទី១៥សីហា២០១៩តទៅហើយបើផុតកំណត់រយៈពេលនេះរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសំភារៈនានានិងការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ។
នេះបើយោងតាមសេចក្តីជូនដំណឹងការកំណត់រយៈពេលចុងក្រោយនៃការទទួលដោះស្រាយគោលនយោបាយជូនប្រជាពលរដ្ឋនៅសេសសល់នៅតំបន់បុរីកីឡា។
ក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ខ្លឹមសារថា៖រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំង១៤គ្រួសារនៅតំបន់បុរីកីឡាទាំងអស់មេត្តាជ្រាបថាបន្ទាប់ពីរដ្ឋបាលរាជធានីខិតខំចរចាសម្របសម្រួលរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់បុរីកីឡាជាច្រើនតំណាក់កាលអស់រយៈពេលជាច្រើនឆ្នាំនិងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធរួមទាំងអង្គការសង្គមស៊ីវិលជាច្រើនដោយឈរលើគោលការណ៍តម្លាភាពមនសិការវិជ្ជាជីវៈសាវតារពិតនិងលក្ខណៈសម្បត្តិនៃគ្រួសារនីមួយៗរួចមកជាលទ្ធផលបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបានទទួលយកគោលនយោបាយនៅឡើយ១៤គ្រួសារប៉ុណ្ណោះដែលមិនទាន់អញ្ជើញមកទទួលយកគោលនយោបាយបើទោះជាក្រុមការងារបានព្យាយាមពន្យល់ណែនាំនិងសម្របសម្រួលជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ។
ដើម្បីឈានទៅបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃនេះរដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងជាលើកចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋនៅសេសសល់ទាំង១៤គ្រួសារដែលមិនទាន់បានអញ្ជើញមកទទួលយកគោលនយោបាយសូមមេត្តារួសរាន់ទាក់ទងផ្ទាល់ជាមួយរដ្ឋបាលខណ្ឌ៧មករារៀងរាល់ម៉ោងធ្វើការដើម្បីទទួលយកគោលនយោបាយរបស់ខ្លួនដោយទុករយៈពេល០២(ពីរ)សប្តាហ៍គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ផុតកំណត់រយៈពេលនេះរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសំភារៈនានានិងការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនៅសេសសល់នៅតំបន់បុរីកីឡាទាំង១៤គ្រួសារនឹងអញ្ជើញមកទទួលយកគោលនយោបាយទៅតាមលទ្ធផលដែលបានវាយតម្លៃប្រកបដោយតម្លាភាពតាមកាលបរិច្ឆេទកំណត់ជូនខាងលើនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋនៅសេសសល់នៅតំបន់បុរីកីឡាមេត្តាជ្រាបជាព័ត៌មាននិងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពនិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គួរបញ្ជាក់ផងដែរថាក្នុងឆ្នាំ២០០៣តំបន់បុរីកីឡាត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ជាដីសម្បទានអោយប្រជាពលរដ្ឋរស់នៅតំបន់នេះចំនួន៤,៦ហិកតាដោយអោយមានការសាងសង់ឡើងចំនួន១០អគារដើម្បីអោយប្រជាពលរដ្ឋចំនួន៨សហគមន៍ចាប់ឆ្នោតស្នាក់នៅនិងឯកភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញបានចំនួនជាង១៣០០គ្រួសារហើយ។ដោយឡែកនៅឡើយប្រជាពលរដ្ឋចំនួន១៤គ្រួសារប៉ុណ្ណោះដែលមិនទាន់អញ្ជើញមកទទួលយកគោលនយោបាយ។ដូច្នេះហើយទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចទុករយៈពេល២សប្តាហ៍អោយប្រជាពលរដ្ឋនៅសេសសល់ទាំង១៤គ្រួសារនេះហើយបើនៅតែមិនព្រមរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តវិធានការរដ្ឋបាលនិងវិធានការច្បាប់ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសំភារៈនានានិងការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ៕