ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ បន្តពិភាក្សារកដំណោះ ស្រាយជាមួយអាជីវករលក់ដូនៅផ្សារសិនជូរីផ្លាហ្សា មុននៃការសាងសង់ទៅជាផ្សារទំនើប

114

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ​ បន្តពិភាក្សាដោះស្រាយជូនអាជីវករលក់ដូនៅផ្សារសិនជូរីផ្លាហ្សានាបច្ចុប្បន្នជាបន្តទៀត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពួក​គាត់ អោយមានទីតាំងលក់បន្តទៀត​ ទោះបីផ្សារនេះត្រូវអភិវឌ្ឍន៍ជាផ្សារទំនើបក៏ដោយ។
នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ក្នុងពិធីជួបស្តាប់យោបល់ជាមួយអាជីវករនៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីតាំងផ្សារសិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
លោក អភិបាលរងបញ្ជាក់ថា ចំពោះបញ្ហានេះ នឹងត្រូវប្រជុំជាមួយគណ:អភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសម្រេចជូនអាជីវករ ដែលតូបលក់ដូបច្ចុប្បន្ន គឺអោយមានតូបលក់វិញគ្រប់ៗគ្នា។ ដោយឡែកចំពោះអ្នកលក់ដូនៅលើដងផ្លូវជុំវិញផ្សារសិនជូរីផ្លាហ្សា ក៏នឹងមានការពិភាក្សាផងដែរ។
ក្នុងជំនួបដោះស្រាយករណីលក់ដូរបស់អាជីវករនេះលោក​​ អភិបាលរង នួន ផារ័ត្ន បានអោយអាជីវកររើសតំណាងរបស់ខ្លួន​ដើម្បីជួបប្រជុំដោះស្រាយបន្តនៅថ្ងៃសុក្រក្នុងសប្តាហ៍នេះបន្តទៀត នៃចំណុចកណ្តាលណាមួយ ហើយអាជីវករមិនត្រូវមានអំពើហឹង្សាណាមួយកើតឡើងនោះទេ គឺចូលរួមដោយស្រាយដោយយុត្តិធម៌ជាមួយគ្នា។
អាជីវករដែលបានចូលរួមជាង១០០នាក់ លក់ដូនៅផ្សារខាងលើនេះ មានបីក្រុម​ គឺមានអ្នកលក់នៅផ្សារឯកជន អ្នកលក់នៅផ្សាររដ្ឋ និងអ្នកលក់ដូនៅលើទ្រូងផ្លូវជុំវិញផ្សារ បានសំណូមពរ មិនអោយមានការអភិវឌ្ឍន៍ផ្សារ ទៅជាផ្សារទំនើបនោះទេ អោយនៅមានសភាពដើមដដែល។
ចំពោះករណីនេះ លោ ហែម​ ដារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ​ បានលើកឡើងថា ចំពោះការអភិវឌ្ឍន៍ផ្សារសិនជូរីផ្លាហ្សាទៅជាផ្សារ​ទំនើប​ គឺថ្នាក់លើបានសម្រេចប៉ុន្មានឆ្នាំកន្លងទៅហើយ​ ដូច្នេះទីតាំងជៀសមិនផុតពីការសង់ផ្សារទំនើបនោះទេ។
លោក កែវ ជឺឃាង ប្រធានផ្នែកទៅផ្សារ នៃក្រុមហ៊ុនសិនជូរីផ្លាហ្សា ជាក្រុមហ៊ុនអភិវឌ្ឍន៍នេះទៅជាផ្សារទំនើបដែលមានកំពស់៥ជាន់ បានអោយដឹងថា ចំពោះអ្នកលក់នៅផ្សាររដ្ឋ និងផ្សារឯកជន កំពុងលក់ដូរបច្ចុប្បន្ន​ ក្រុមហ៊ុននឹងប្រគល់តូបជូន ទៅតាមចំនួនតូបដែលគាត់មាន​ ។ដោយឡែកអ្នកលក់នៅលើទ្រូងផ្លូវ គឺក្រុមមិនទទួលខុសត្រូវនោះទេ​ គឺទុកអោយអាជ្ញាធរជាអ្នកដោះស្រាយ។
លោកបន្តថា នៅពេលខាងមុខនេះ ក្រុមហ៊ុននឹង
ធ្វើការសាងសង់ តែអាជីវករត្រូវប្តូរមកលក់បណ្តោះអាស្នននៅលើសួនកុមាររយ:ពេល២ឆ្នាំ រងចាំផ្សារសិនជូរីផ្លាហ្សាសាងសង់រួច។ ចំពោះការមកលក់នៅលើសួនកុមារខាងមុខផ្សារ គឺក្រុមហ៊ុនសង់តំបូល និងរៀបចំអោយដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា បច្ចុប្បន្នអាជីវករលក់នៅទីតាំងផ្សារសិនជូរី​ទាំងរដ្ឋនិងឯកជនចំនួន៦៧០តូប ដោយឡែកអ្នកលក់នៅតាមទ្រូងផ្លូវថ្នល់មុខផ្ទះប្រជាពលរដ្ឋនៅជុំវិញផ្សារមានចំនួន២០៨កន្លែង៕

 

អត្ថបទដែលជាប់ទាក់ទង