ផឹកស្រាថ្នាំ ពេលយប់ ព្រឹកឡើងឃើញដេកស្លាប់ ដោយសារធ្លាក់ពីអគារកំពុងសាងសង់
ក្រុងតាខ្មៅ៖ មានករណីបុរសម្នាក់ធ្លាក់ពីលើអគារសាងសង់ ណ្តាលឲ្យស្លាប់ ដែលកើតហេតុថ្ងៃទី ២០.០៨.២០១៩នៅវេលាម៉ោង៦:០០នាទី ចំណុចការដ្ឋានសំណង់ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះចាន់ ជា ភេទប្រុសអាយុ៥២ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិកំពង់យ៉ន ឃុំកំពង់ពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ។
នគរបាលប្រាប់ពីសភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ខៀវ វត្តី ភេទប្រុស ស្នាក់នៅការដ្ឋានសំណង់ បានឲ្យដឹងថា៖ កាលពីថ្ងៃទី១៩ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង២១.០០នាទីយប់ ជនរងគ្រោះបានអង្គុយហូបស្រាថ្នាំ ក្នុងការដ្ឋានសំណង់ជាន់ទី២ ប្រហែលជាងមួយម៉ោង ក៏បាននាំគ្នាចូលសមហរាករៀងៗខ្លួន។ លុះដល់ថ្ងៃទី២០ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៦:០០នាទីព្រឹក គាត់បានដើររកជនរងគ្រោះ ហូបកាហ្វេដូចសព្វដង ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់នៅចន្លោះជណ្តើរ មានឈាមប្រឡាក់មុខ ស្លៀកខោខ្លីគ្មានអាវ ក៏បានហៅបងប្អូន និងមេការជួយមើល ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចបានរាយការណ៍ ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ ។
តាមការពិនិត្យរបស់សមត្ថកិច្ច ជំនាញបច្ចេកទេសខេត្ត កណ្តាល និងនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរ លោកគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្លាក់ ពីលើអគារសង់ថ្មី ពិតប្រាកដមែន ៕



