ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិបរទេសចំនួន០២នាក់ ត្រូវសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួន ដោយជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន

108

សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ម្សិលមិញនេះ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅចំនុចបន្ទប់លេខ ២០៦ នៃផ្ទះសំណាក់ហ្គាស៊ី ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយឃាត់ខ្លួនជនបរទេសចំនួន០២នាក់ រួមមាន ៖ ១- ឈ្មោះ COMERCI ERIC ភេទប្រុស កើតថ្ងៃទី ២៨-១១-១៩៩០ ជនជាតិអាហ្សង់ទីន កាន់លិខិតឆ្លងដែនលេខAAB៣០៨៨៣៣ មុខរបរគ្មាន និង ២- ឈ្មោះ GUNDEL SEJR DONALD ភេទប្រុស កើតថ្ងៃទី ០៨-០១-១៩៧៨ ជនជាតិដាណឺម៉ាក កាន់លិខិតឆ្លង​ដែនលេខ ២០៧១១៧៦៧៥ ជាភ្ញៀវទេសចរណ៍ រួចបញ្ជូនទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ដែលសង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបាន មានម្ស៉ៅក្រាមពណ៌ស មួយកញ្ចប់តូច និងឧបករណ៍សម្រាប់ជក់ ខណៈបច្ចុប្បន្ន ជនបរទេសទាំងពីរនាក់ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ។

គួររំលឹកថា ក្នុងរយៈពេលមួយខែនៃខែកក្កដា ឆ្នាំ២០១៩នេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបបានចំនួន ៥១ករណី , ឃាត់ខ្លួនមនុស្សចំនួន១៩៤នាក់ ក្នុងនោះស្រីចំនួន ០៧នាក់ , ចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ២,០១១.៧៨ក្រាម , កញ្ញា ចំនួន ៨,៦ក្រាម , ដាវ ចំនួន ០២ដើម , ម៉ូតូ ចំនួន ០៣​គ្រឿង , ទូរស័ព្ទដៃ ចំនួន ៥៣គ្រឿង និង ជញ្ជីងថ្លឹង ចំនួន ០២គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង