ព្រឹទ្ធសភា នឹងបើកប្រជុំវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ននៅថ្ងៃទី១៧មេសា
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា នៅថ្ងៃទី១៧ខែមេសាស្អែកនេះ ព្រឹទ្ធសភា នឹងបើកប្រជុំវិសាមញ្ញនីតិកាលទី៤ ដើម្បីពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន។
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឲ្យដឹងថា នាព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ២០២០នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា។
បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទីសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀបវារៈតែមួយគត់ គឺពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
គួរកត់សម្គាល់ផងដែរថា នាព្រឹកថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានបើកកិច្ចប្រជុំទូលាយ ជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យ សិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួម ពីតំណាងគណៈកម្មការនានារបស់ព្រឹទ្ធសភា។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ត្រូវបានកិច្ចប្រជុំពេញអង្គរដ្ឋសភា អនុម័តហើយ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ដោយសំឡេង១១៥ នៃចំនួនសមាជិកសភាទាំងមូល។
បន្ទាប់ពីរដ្ឋសភាបានអនុម័តជាផ្លូវការ នឹងបញ្ជូនសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ទៅព្រឹទ្ធសភាពិនិត្យនិងពិភាក្សាអនុម័តបន្ត។ បន្ទាប់ពីព្រឹទ្ធសភា អនុម័តរួច នឹងត្រូវបញ្ជូនបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ឆ្លងកាត់ក្រុមប្រឹក្សាធម្មនុញ្ញហើយ ព្រះមហាក្សត្រ នឹងចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ បន្តនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ សម័យប្រជុំរដ្ឋសភានាព្រឹកនេះបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ សម្តេចហេង សំរិន បានថ្លែងសារនៅលើហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី១០មេសានេះថា “រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន”។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១២មាត្រា។ សេចក្តីព្រាងច្បាប់នេះ បានតាក់តែងឡើងស្របតាមរដ្ឋធម្មនុញ្ញមាត្រា២២ ដែលបានចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ការសម្រេចដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺត្រូវធ្វើឡើងនៅពេលដែលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ដែលបណ្តាលមកពីជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្ន បន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។ ក្រៅពីបានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ខាងលើនេះ សម័យប្រជុំរដ្ឋសភា បានប្រកាសទទួលស្គាល់តំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវមួយរូប ជំនួសតំណាងរាស្ត្រចាស់ ដែលបានលាលែង និងបានបោះឆ្នោតជ្រើសតាំង ផ្លាស់ប្តូរសមាជិកគណៈកម្មការជំនាញរដ្ឋសភា មួយចំនួនផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មានចំនួន៥ជំពូក និងចែកចេញ១២មាត្រា។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទាន ដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់នេះ ក៏ផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
ក្នុងសេចក្តីព្រាងច្បាប់ ត្រង់មាត្រា៤ ជំពូកទី៣ បានកំណត់ថា នៅពេលប្រទេសជាតិ ត្រូវបានប្រកាសដាក់ស្ថិតនៅក្នុងភាពអាសន្ន រាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញវិធានដូចខាងក្រោម៖ ១ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរ។ ២ ហាមឃាត់ ឬ កម្រិតសិទ្ធិសេរីភាពក្នុងការជួបជុំ ឬការប្រមូលផ្តុំមនុស្ស។ ៣ ហាមឃាត់ ឬ កម្រិតការធ្វើសកម្មភាពការងារ ឬមុខរបរ។ ៤ ហាមឃាត់ ឬ កម្រិតមិនឱ្យបុគ្គលចេញពីលំនៅឋាន ឬ ទីសំណាក់ណាមួយ។ ៥ ដាក់ចេញវិធានការចត្តាឡីស័ក ឬ ការដាក់ឱ្យនៅដោយឡែកក្នុងករណីគ្រោះអាសន្នបន្ទាន់ ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ។ ៦ ដាក់ចេញវិធានការទាក់ទងនឹងកំណែន និងជម្លៀសពលរដ្ឋ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ ៧ ដាក់ចេញវិធានការទាក់ទងនឹងកំណែន ដកហូត គ្រប់គ្រង និងចាត់ចែងទ្រព្យសម្បត្តិ និងសេវា ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ នីតិវិធីនៃការធ្វើកំណែន និងសំណងត្រូវកំណត់ដោយរាជរដ្ឋាភិបាល។ ៨ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ ៩ ដាក់ចេញវិធានការទាក់ទងនឹងការបិទទីតាំងសាធារណៈ ឬឯកជនណាមួយ ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។ ១០ ដាក់ចេញនូវវិធានការឃ្លាំមើល និងតាមដានគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មានតាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍គ្រប់រូបភាព ក្នុងគោលបំណងឆ្លើយតបចំពោះភាពអាសន្ន។ ១១ ហាមឃាត់ ឬ ការកម្រិតការចែកចាយ ឬ ការផ្សព្វផ្សាយព័ត៌មានដែលអាចបង្កឱ្យមានការភ័យខ្លាចដល់សាធារណជន ឬ ចលាចល ឬ ដែលនាំឱ្យខូចខាតដល់សន្តិសុខជាតិ ឬ ធ្វើឱ្យមានការភាន់ច្រឡំអំពីស្ថានភាពនៃភាពអាសន្ន។ ១២ ដាក់ចេញវិធានការដទៃទៀតដែលសមស្រប និងចាំបាច់ ដើម្បីឆ្លើយតបចំពោះភាពអាសន្ន។
ក្នុងមាត្រានេះ បានចែងទៀតថា វិធានការអនុវត្តពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចត្រូវបានដាក់ចេញសម្រាប់ទូទាំងប្រទេស ឬ ដែនដីកំណត់ជាក់លាក់ណាមួយ។ ក្នុងករណីចាំបាច់ រាជរដ្ឋាភិបាលអាចបង្កើតយន្តការ ឬប្រគល់សិទ្ធិអំណាចទៅអាជ្ញាធរមានសមត្ថកិច្ចណាមួយ ឬប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីធានាដល់ការអនុវត្តវិធានការខាងលើ។
ក្នុងពេលសង្គ្រាម ឬ ក្នុងកាលៈទេសដទៃទៀតដែលសន្តិសុខជាតិប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នអាចធ្វើឡើងតាមរបបអាជ្ញាសឹក។
នៅក្នុងមាត្រា៧ ក្នុងជំពូកទី៤ និយាយពីទោសប្បញ្ញត្តិ បានចែងថា អំពើដោយចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ដល់ ៥លានរៀល។ ចំពោះអំពើរារាំងដល់កិច្ចប្រតិបត្តិការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ កាលបើអំពើនេះ នាំឱ្យមានចលាចលជាសាធារណៈ ឬប៉ះពាល់ដល់សន្តិសុខជាតិ។
ក្នុងមាត្រា៨ នៃជំពូកដដែល បានចែងថា អំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ដល់ ១លានរៀល។ ដោយឡែកអំពើមិនគោរពតាមវិធានការពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល កាលបើអំពើនេះនាំឱ្យមានចលាចលជាសាធារណៈ។
ដោយឡែកនីតិបុគ្គលដែលមានចេតនារារាំង ឬ បង្កឧបសគ្គដល់កិច្ចប្រតិបត្តិការឆ្លើយតបចំពោះភាពអាសន្ន ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផន្ទាទោសពិន័យជាប្រាក់ពី ១០០លានរៀល ដល់ ១.០០០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬ ច្រើនដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ។
រីឯនីតិបុគ្គលដែលប្រព្រឹត្តអំពើដោយចេតនាមិនគោរពវិធានការដាក់ចេញដោយរាជរដ្ឋាភិបាលដែលមានចែងក្នុងមាត្រា៥ ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដូចមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ដោយត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥០លានរៀល ដល់ ៥០០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ដូចមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ៕