ឆក់បានសម្រេចហើយ តែរត់គេចមិនរួច ត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋឃាត់ខ្លួននៅស្រុកសង្កែ
ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១៥ និង ៣០នាទី រសៀលជនសង័្សយក្នុងអំពើឆក់ទ្រព្យសម្បត្តិតាមដងផ្លូវម្នាក់ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីជនសង័្សយរូបនេះ ធ្វើសកម្មភាព(ឆក់ខ្សែក)ពីជនរងគ្រោះឈ្មោះ ធួក ចាន់នី ភេទស្រី អាយុ២៤ឆ្នាំមានទីលំនៅក្រុមទី១៨ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងខណៈពេលដែលជនរងគ្រោះកំពុងជិះម៉ូតូមួយគ្រឿងលើដង ផ្លូវនៅចំណុចក្រុមទី២០ ភូមិកំពង់ឆ្លង ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។
សកម្មភាពខាងលើនេះគឺដោយទទួលបានបទបញ្ជារបស់លោកឧត្តម សេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនជំនាញ ឱ្យការិយាល័យជំនាញ និងគ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុកយកចិត្តទុកដាក់ធ្វើសកម្មភាពពិនិត្យតាមដានមុខសញ្ញាចាស់ ពិសេសមុខសញ្ញាដែលចេញពីពន្ធនាគារនាពេលកន្លងទៅ និងពង្រឹងការល្បាតដោយចំហរនៅតាមទីប្រជុំជន និងគោលដៅសំខាន់ៗក្នុងមូលដ្ឋានធានាបង្រ្កាបបានទាន់ពេលវេលា ទើបនៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២០ នេះសមត្ថកិច្ចមូលដ្ឋានស្រុកសង្កែ ដែលមានលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ ជាអធិការនគរបាលស្រុក និងប្រជាពលរដ្ឋ ធ្វើការបង្រ្កាបបាននូវមុខសញ្ញាខាងលើនេះ ក្នុងពេលដែលរូបគេជិះម៉ូតូ មួយគ្រឿងតែម្នាក់ឯងធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះនៅចំណុចខាងលើ តែសកម្មភាពរបស់ជនសង័្សយមិនអាចរត់គេចខ្លួនបានឡើយ។
ជនសង័្សយរូបនេះឈ្មោះ ឈាន វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាស៑ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបងនៅជាប់ខ្លួនមានម៉ូតូជិះធ្វើសកម្មភាពម៉ាកហុងដាវេវពណ៌ខ្មៅសេរីឆ្នាំ២០១៩ពាក់ស្លាកលេខបាត់ដំបង ១AL-៣២៦២ មួយគ្រឿង និងខ្សែកប្លាទីនរបស់ជនរង គ្រោះចំនួន០១ខ្សែ ។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា តាមចម្លើយសារភាពបឋម ជនសង័្សយរូបនេះបានសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ខ្សែកតាមដងផ្លូវពីជនរងគ្រោះខាងលើពិតប្រាកដមែនហើយខ្លួនគេគឺជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារដោយអំពើល្មើសច្បាប់នារយៈពេលកន្លងទៅនិងត្រូវបានដោះលែងឱ្យមានសេរីភាពវិញក្នុងមួយរយ:នេះ។
លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាលនៃស្នងការដ្ឋានបានឱ្យដឹងមុន នេះថា ជនសង័្សយរូបនេះ នៅមុនពេលធ្វើសកម្មភាពនៅខេត្តបាត់ដំបង រូបគេធ្លាប់ធ្វើជាសន្តិសុខឱ្យក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯកឈឿង គឹមសុង បន្តថា នៅពេលនេះការិយាល័យជំនាញរបស់លោកនឹងធ្វើការស្រាវជ្រាវបន្ថែមទៀតដើម្បីផ្ទៀងផ្ទាត់អំពីសកម្មភាពរបស់មុខសញ្ញានេះជាមួយអង្គហេតុនៃ ករណីល្មើសច្បាប់នានាដែលបានកើតមាននាពេលកន្លងទៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មុនពេលបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងដើម្បីធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់៕
