ឯកឧត្តម វ៉ាត់ ចំរើន ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩លើកទី២
ភ្នំពេញ៖អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការ
ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ហៅកាត់CAMSOCឯកឧត្តមវ៉ាត់ចំរើនបានទទួលការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩រួចរាល់ជាលើកទី២ហើយនៅថ្ងៃទី២៥កុម្ភៈនេះ។
ឯកឧត្តមបានបញ្ជាក់ថាសូមថ្នាក់ដឹកនាំមន្ត្រីកីឡានិងកីឡាករជម្រើសជាតិត្រៀមចូលរួមចាក់វ៉ាក់សាំងតាមការណែនាំខាងក្រោម៖១- វេលាម៉ោង ៣ រសៀលថ្ងៃទី ២៥ នេះ សូមអញ្ជើញគ្រូបង្វឹក ឬ អគ្គលេខាធិការតំណាងប្រភេទកីឡានីមួយៗ មកលេខាធិការដ្ឋាន CAMSOC យកទម្រង់បែបបទបំពេញទុកឲ្យហើយមុនទៅមន្ទីរពេទ្យព្រះកេតុមាលា។
២- កម្មវិធីត្រូវចាក់មាន៣ថ្ងៃគត់គឺ ថ្ងៃទី២ មីនា ចំនួនប្រមាណ ៤០០នាក់ ថ្ងៃទី៣ មីនា ប្រមាណ៤០០នាក់ និងថ្ងៃទី៤ មីនា ១៥១នាក់ គ្រប់ចំនួន ១០៥១នាក់ ដោយចាប់ពីម៉ោង៧ព្រឹកត្រូវទៅដល់មន្ទីរពេទ្យ។
៣ក្រុមត្រូវចាក់តាមថ្ងៃនីមួយៗផ្តល់ជូនបញ្ជីឈ្មោះថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១។សូមអញ្ជើញទៅពេទ្យតាមមធ្យោបាយផ្ទាល់ខ្លួន។
ឯកឧត្តម ក៏បានអំពាវនាវឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡានៃក្រុមជម្រើសជាតិកម្ពុជា ដែលមានជាង១០០០នាក់ ដែលគ្រោងនឹងរៀបចំឲ្យទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះកេតុមាលា (មន្ទីរពេទ្យ១៧៩)វេលាម៉ោង៨ព្រឹកនោះសូមចូលរួមការចាក់ឲ្យបានគ្រប់ៗគ្នាដោយការស្ម័គ្រចិត្ត ដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅក្នុងចិត្តសាស្ត្រកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាអន្តរជាតិនានា ក្នុងឆ្នាំ២០២១ ជាពិសេសគឺការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក៏ដូចជាហ្វឹកហាត់ក្នុងប្រទេស និងក្រៅប្រទេស ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។
ឯកឧត្តមអគ្គលេខាធិការលើកឡើងថា «ការចាក់លើកទី២ និងជាលើកចុងក្រោយបានបញ្ចប់ដោយភាពកក់ក្តៅ និងមានអារម្មរណ៍កាន់តែល្អ។ ប៉ុន្តែតាមការណែនាំបន្ថែមគឺតមជាតិស្រវឹងដដែល ហាមមិនឲ្យទឹកប៉ះមុខម្ជុល១២ម៉ោង ពិសេស២៨ថ្ងៃក្រោយត្រូវពិនិត្យមើលថា អង្គទីក័រវ៉ាក់សាំងបានដុះគ្រប់គ្រាន់ពិតប្រាកដ ឬអត់? យ៉ាងណាក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនៅតែឲ្យអនុវត្តវិធានការ «៣កុំ និង៣ការពារ» ដដែលនៅគ្រប់ពេលវេលា។ សូមឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹកទាំងអស់កុំមានការព្រួយបារម្ភ។ សូមអរគុណ សន្តិភាព និងយុទ្ធនាការចាក់វ៉ាក់សាំង»។
ជាមួយគ្នានោះ ក្នុងនាមអគ្គលេខាគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២និងអគ្គលេខាធិ
ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញនូវក្តីត្រេកអរជាខ្លាំងនិងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្ដ្រីហ៊ុនសែនដែលបានយកចិត្តទុកដាក់និងចាត់បញ្ចូលនៃក្រុមជម្រើសជាតិកម្ពុជាឲ្យស្ថិតនៅក្នុងក្រុមមនុស្សអត្ថិភាព៕