ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពកម្មករ កម្មការិនីធ្វើការនៅរោងចក្រ តាមបណ្តោយផ្លូវជាតិលេខ៤

111

នៅព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទស្សនកិច្ចស្វែងយល់ពីសង្វាក់ផលិតកម្មរោងចក្រ និងសកម្មភាពរបស់កម្មករ កម្មការនី ធ្វើការនៅរោងចក្រ ថប សាមីត ហ្គាមេនដែលរោងចក្រនេះវិនិយោគដោយជនជាតិចិនតៃវ៉ាន់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រោងចក្រនេះ មានកម្មករ កម្មការិនីកំពុងបំពេញការងារសរុប ៣៨៧២នាក់ ប្រុស ៣០៩នាក់ នារី ៣៥៦៣នាក់។ រោងចក្រនេះ ផ្តល់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករ កម្មការិនីសរុបជាង ១លានដុល្លារក្នុងមួយខែ ហើយផលិតផលនៃរោងចក្រនេះត្រូវបាននាំចេញទៅកាន់ទីផ្សារ អឺរ៉ុប និងអាមេរិក។

សម្តេច ហ៊ុន សែន បានថ្លែងប្រាប់ដល់កម្មករកម្មការិនី រោងចក្រដោយផ្ទាល់មាត់ថា “យើងបោះឆ្នោតអោយ គណបក្សប្រជាជន លេខរៀងទី ២០។ ជម្រើសដ៏ល្អបំផុត គឺសូមកូនក្មួយកម្មករកម្មការនីបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ ដើម្បីកូនក្មួយមានងារធ្វើជាប់លាប់ល្អយូរអង្វែង មានប្រាក់ខែសមរម្យជាមួយអត្ថប្រយោជន៍ការងារជាច្រើនថែមទៀត។ ប្រាក់ខែកូនក្មួយនឹងត្រូវតម្លើងនៅរៀងរាល់ឆ្នាំ។ ពូសូមអរគុណក្មួយៗទាំងអស់ចំពោះការរាប់អាន និងគោរពស្រឡាញ់ចំពោះពូ។ ពូសូមសន្យានឹងបន្តជួយការពារផលប្រយោជន៍កូនក្មួយអោយបានល្អ។ សូមកូនក្មួយទៅបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ២០ នៅថ្ងៃបោះឆ្នោតទី ២៩ កក្កដា ២០១៨ ខាងមុខនេះកុំបីខាន ហើយសូមយកអត្តសញ្ញាណប័ណ្ណជាប់មកជាមួយផង”។

សម្តេចតេជោ បានថ្លែងបន្តថា “ថ្ងៃនេះពូសប្បាយរីករាយខ្លាំងណាស់ ដែលពូបានមកជួបសួរសុខទុក្ខក្មួយៗនៅរោងចក្រ Sabrina Garment Factory ដែលជារោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បីៗដូចជា Nike សម្រាប់នាំចេញទៅបរទេស។ ហើយខោអាវកីឡាដែលផលិតចេញពីទីនេះ គឺត្រូវបានប្រើប្រាស់ដោយក្រុមកីឡាល្បីៗនៅបរទេសផងដែរ។ ពូពិតជាមានមោទនៈភាពចំពោះក្មួយៗដែលមានស្នាដៃផលិតសម្លៀកបំពាក់ម៉ាកល្បីៗទាំងនេះនៅប្រទេសយើង។ ក្រោយពីក្មួយៗញាំបាយថ្ងៃត្រង់ហើយ គឺក្មួយៗនឹងបានឈប់សម្រាកមួយល្ងាចដែលទទួលបានប្រាក់ឈ្នួលពេញ។
តើក្មួយៗបានត្រៀមខ្លួនទៅបោះឆ្នោតហើយឬនៅ នៅថ្ងៃទី ២៩ កក្កដា ខាងមុខនេះ? សូមកូនក្មួយត្រៀមអត្តសញ្ញាណប័ណ្ណទុកទៅបោះឆ្នោតផង ព្រោះសំខាន់ណាស់។
ដោយសារប្រទេសយើងមានសន្តិភាព ទើបកូនក្មួយមានការងារធ្វើជាប់លាប់ល្អ នឹងមានប្រាក់ចំណូលសមរម្យ។ នៅពេលដែលគណបក្សប្រជាជនឈ្នះឆ្នោត គឺយើងនឹងរៀបចំអោយក្មួយៗបើកប្រាក់ខែ នៅរៀងរាល់ពីរអាទិត្យម្តងៗ គឺបើកនៅរៀងរាល់ថ្ងៃទី ១៥ និងចុងខែបើកម្តងទៀត។ សូមកូនក្មួយបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ទាំងអស់គ្នា”៕

អត្ថបទដែលជាប់ទាក់ទង