ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានក្រុមប្រឹក្សាខណ្ឌចំការមនឡើងកំដៅ៖ស្តីបន្ទោសដល់សមាជិកក្រុមប្រឹក្សា ត្រូវចូលរួមផ្ដល់យោបល់ក្នុងកិច្ចប្រជុំ កុំចាំតែមកស្តាប់ និងចាំតែលើកដៃយករួចខ្លួន.

58

ភ្នំពេញ៖លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានជំរុញដល់សមាជិកក្រុមប្រឹក្សាខណ្ឌទាំងអស់ពេលចូលរួមលើកដៃផ្តល់យោបល់ ដើម្បីបញ្ចេញមតិក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ដើម្បីផ្តល់ជាគំនិត និង ការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានខណ្ឌ កុំចាំតែមកអង្គុយស្តាប់ និងចាំតែលើកដៃនោះ។ ហើយមិនតែប៉ុណ្ណោះ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន ថែមទាំងមានបំណងចង់ចូលរួមប្រជុំ ជាមួយគណៈបញ្ជាការឯកភាពខណ្ឌចំការមនថែមទៀតផង បើសិនជាមានការអនុញ្ញាត។
ចំពោះការលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នៅសាលាខណ្ឌចំការមន ថ្មីនាតំបន់កោះពេជ្រ។
លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌបានលើកឡើងបន្តទៀតថា ក្នុងនាមជាសមាជិកក្រុមប្រឹក្សាខណ្ឌទាំងអស់ ត្រូវពិនិត្យមើលរបាយការណ៍ ដើម្បីជួយកែសម្រួល កែលំអពិសេសជួយដល់គណៈអភិបាល ក្នុងការអនុវត្តឲ្យទទួលបានជោគជ័យ ក្នុងការជួយដល់ប្រជាជន និង ការអភិវឌ្ឍមូលដ្ឋាន លើគ្រប់វិស័យក្នុងមូលដ្ឋានខណ្ឌចំការមនរាជធានីភ្នំពេញ។ លោកបន្តថា សមាជិកក្រុមប្រឹក្សាស៊ីប្រាក់ខែរដ្ឋ មិនមែនមកអង្គុយចាំតែលើកដៃនោះទេ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានមានមតិថ្លែងឯកភាព និងគាំទ្រ យ៉ាងពេញទំហឹងដោយលោកបានថ្លែងថា មានតែអ្នកដែលមិនចូលរួមធ្វើទេ ទើបគ្មានកំហុស។ លោកអភិបាល ក៏បានជំរុញឲ្យមានការកែប្រែចំណុចអសកម្ម ភាពខ្វះខាតមួយចំនួនផងដែរ ដើម្បីកែប្រែឥរិយាបថ របស់មន្ត្រីរាជការនៅក្រោមដំបូលសាលាខណ្ឌចំការមនដើម្បីជាឈ្នាន់នៃភាពជោគជ័យ ជាពិសេសឆ្លើយតបផងដែរ ទៅនឹងតំរូវការរបស់ប្រជាជន។
មន្រ្តីខណ្ឌចំការមនបានអោយដឹងថាកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នាព្រឹកថ្ងៃនេះដោយមានរបៀបវារៈដូចខាងក្រោម៖
១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣។
២៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៣៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការលទ្ធកម្ម កែតម្រូវប្រចាំឆ្នាំ២០១៩។
៤៖ ពិនិត្យ និងអនុម័តការបែងចែក ប្រាក់រង្វាន់លើកទឹកចិត្តជូនមន្រ្តី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន។
និង៥៖ បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង