ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆ្នាំ២០២០រាជរដ្ឋាភិបាលកម្ពុជាអាចខ្ចីបរទេសជិត២ពាន់លានដុល្លារ

61

(ភ្នំពេញ)នៅឆ្នាំ២០២០ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជាអាចខ្ចីលុយបរទេសបានប្រមាណ១៤០០លានSDR (ជាខ្នាតកណ្ដាលមួយសម្រាប់វាយតម្លៃនៃលុយ) ស្មើនឹងជិត២ពាន់លានដុល្លារអាមេរិកបន្ថែមទៀតសម្រាប់ការអភិវឌ្ឍនៅកម្ពុជាខណៈបំណុលសរុបជាង៧ពាន់លានដុល្លារ។

ប្រាក់កម្ចីនេះប្រើសម្រាប់យកទៅអភិវឌ្ឍលើវិស័យសំខាន់មួយចំនួនដូចជាថាមពលធារាសាស្ត្រហេដ្ឋារចនាសម្ព័ន្ធនិងវិស័យអាទិភាពមួយចំនួនទៀតដូចជា៖គម្រោងក្នុងវិស័យកសិកម្មសុខាភិបាលការផ្គត់ផ្គង់ទឹកស្អាតហិរញ្ញវត្ថុបណ្តុះបណ្តាលវិជ្ជាជីវៈនិងអប់រំ។

រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩នេះបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ក្នុងសេចក្តីព្រាងច្បាប់នេះបានឱ្យដឹងថាកម្ចីនេះផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលចុះហត្ថលេខាខ្ចីប្រាក់ពីប្រទេសជាមិត្តនិងអង្គការដៃគូអភិវឌ្ឍន៍អនុវត្តលើគម្រោងសំខាន់ៗចំនួន២៩គម្រោងក្នុងចំណោមគម្រោងសរុបចំនួន៣២។

គម្រោងដែលនឹងត្រូវចុះហត្ថលេខាទទួលកម្ចីនោះរួមមាន៖ធនាគារពិភពលោកចំនួន៣គម្រោង, ធនាគារអភិវឌ្ឍន៍អាស៉ីចំនួន៧គម្រោង, ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ចំនួន១គម្រោង, សាធារណរដ្ឋប្រជាមានិតចិនចំនួន៨គម្រោង, ប្រទេសជប៉ុនចំនួន២គម្រោង, សាធារណរដ្ឋកូរ៉េចំនួន៣គម្រោង, សាធារណរដ្ឋបារាំងចំនួន៣គម្រោង, ព្រះរាជាណាចក្រថៃចំនួន១គម្រោងនិងសាធារណរដ្ឋឥណ្ឌាចំនួន១គម្រោង។

ក្នុងសេចក្តីព្រាងច្បាប់ក៏បានបញ្ជាក់ដែរថាការសម្រេចឱ្យខ្ចីថវិកាបរទេសជិត២ពាន់លានដុល្លារនេះដោយសំអាងទៅលើទិដ្ឋភាពសំខាន់ៗចំនួន៥រួមមាន៖

១៖កំណើនតម្រូវការទុនវិនិយោគដ៏គំហុកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈទាំងទំហំ, បរិមាណនិងគុណភាពសម្រាប់ជំរុញការហក់ឡើងនៃសេដ្ឋកិច្ចនៅក្នុងដំណាក់កាលថ្មីនិងក្នុងបរិបទនៃភាពមិនច្បាស់លាស់

២៖គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២០គឺជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព(ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តការបង្កើនផលិតភាពសេដ្ឋកិច្ចនិងផលិតភាពផលិតកម្ម) ហើយដែលចេះតែរំកិលពីឆ្នាំមុនៗមកតែមានចរិតយុទ្ធសាស្ត្រក្នុងការទ្រទ្រង់ដល់ចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមនិងវែង

៣៖សុទ្ធសឹងតែជាឥណទានដែលមានកម្រិតសម្បទានខ្ពស់

៤៖ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ននិងក្នុងរយៈពេលមធ្យមនិងវែងនៅតែមានចីរភាពនិងហានិភ័យកម្រិតទាប៥៖ការបន្តបង្កើនប្រសិទ្ធភាពភាពខ្ពស់ក្នុងការគ្រប់គ្រងនិងការអនុវត្តគម្រោង។

ក្នុងសេចក្តីព្រាងច្បាប់ដែលទើបអនុម័តបានបង្ហាញថាគិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០១៩កម្ពុជាជំពាក់បំណុលបរទេសសរុបប្រមាណ,២៦៤លានដុល្លារអាមេរិក។ក្នុងនោះកម្ចីពីប្រទេសចិនមានជិត៥០ភាគរយ។

ប្រជាពលរដ្ឋកម្ពុជាតែងបង្ហាញការព្រួយបារម្ភចំពោះកម្ចីពីបរទេសដោយខ្លាចកម្ចីនេះក្លាយទៅជាបំណុលមិនអាចមានលទ្ធភាពសងទៅវិញ។នៅក្នុងសេចក្តីព្រាងច្បាប់បានអះអាងថាទំហំនៃការខ្ចីនេះមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជានោះទេព្រោះថានៅពេលដែលសេដ្ឋកិច្ចមានការរីកចម្រើននោះសមត្ថភាពសងរបស់កម្ពុជាក៏ខ្ពស់ជាងមុនដែរ។

សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះក៏បានសម្រេចដាក់ឱ្យអនុវត្តន៍យុទ្ធសាស្ត្រនៃការគ្រប់គ្រងបំណុលសម្រាប់ឆ្នាំ២០១៩២០២៣ផងដែរ។នៅក្នុងយុទ្ធសាស្ត្រនេះសម្តេចតេជោបានដាក់ចេញគោលការណ៍គន្លឹះចំនួន៥សម្រាប់គ្រប់គ្រងបំណុលសាធារណៈឱ្យមានប្រសិទ្ធភាព។គោលការណ៍ទាំង៥នោះរួមាន៖

១៖ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកានិងសេដ្ឋកិច្ចអាចទ្រាំទ្របាន

២៖ខ្ចីតែឥណទានដែលមានកម្រិតសម្បទានឬលក្ខខណ្ឌអនុគ្រោះខ្ពស់

៣៖ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចនិងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ចឬផលិតភាពផលិតកម្ម

៤៖ប្រើប្រាស់ឥណទានប្រកបដោយតម្លាភាពគណនេយ្យភាពប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាពខ្ពស់បំផុត។

៥៖ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលត្រូវមានស្តង់ដានិងគុណភាពខ្ពស់ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសាធារណៈព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មីពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ចសង្គម, បរិស្ថាននិងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទដែលជាប់ទាក់ទង