ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យើងអ្នកផ្តល់សេវា យើងត្រូវការជួបអ្នកដែលមកទទួលសេវា ប្រជាពលរដ្ឋដែលជាអ្នកត្រូវការសេវា ភ្នាក់ងាររបស់រដ្ឋជាអ្នកផ្តល់សេវា

69

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំអោយមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផ្តល់សេវាជូនប្រជាពលរដ្ឋ ធ្វើអោយ ធ្វើអោយលឿន ធ្វើអោយមានតម្លាភាព ។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវកាសេវាណាមួយ សូមបងប្អូនអញ្ជើញទៅការិយាល័យច្រកចេញចូលតែមួយដោយផ្ទាល់ខ្លួនឯង ដើម្បីទទួលសេវា សូមបងប្អូនកុំពឹងគេ បើកាលណាបងប្អូនពឹងគេ គេយកលុយ ហើយបងប្អូនចេះតែដាក់បន្ទុកមកលើអាជ្ញាធរ ស្នើសុំលុបបំបាត់ លុបបំបាត់អ្នកកណ្តាល យើងអត់ត្រូវការអ្នកកណ្តាលទេ ។ យើងអ្នកផ្តល់សេវា យើងត្រូវការជួបអ្នកដែលមកទទួលសេវា ប្រជាពលរដ្ឋដែលជាអ្នកត្រូវការសេវា ភ្នាក់ងាររបស់រដ្ឋជាអ្នកផ្តល់សេវា ។

អភិបាលខណ្ឌច្បារអំពៅថ្លែងអំពាវនាវបែបនេះ នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង៦ខ្សែ មានប្រវែងសរុប៩៣៧ម៉ែត្រ និងដាក់លូមូលដោះទឹក៣ខ្សែ ប្រវែង២៣៥ម៉ែត្រ នៅក្នុងភូមិតាងៅ~ភូមិតាងៅក្រោម ភូមិឫស្សីស្រស់ ភូមិកោះនរា និងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។

ពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងនិងដាក់លូមូលក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០១៩នេះ ធ្វើឡើងក្រោមវត្តមានលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ លោក ញាណ ច័ន្ទសោភា នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ និងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជាង២០០រយនាក់ ។
ក្នុងពិធីនេះដែរ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានមតិសំណេះ សំណាលនិងផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដោយសំណូមពរឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវបេតុងត្រូវចូលរួមសហការណ៍តាមដានការអនុវត្តគម្រោង និងយោគយល់ដល់ក្រុមការងារដែលកំពុងតែជួសជុលកែលំអរកំណាត់ផ្លូវបេតុងទាំង៦ខ្សែនិងដាក់លូដោះទឹក៣ខ្សែនេះ ។ ចំណែកក្រុមហ៊ុនដែលឈ្នះការដេញថ្លៃក្នុងការអនុវត្តគម្រោងត្រូវស្ថាបនាប្រកបដោយគុណភាព ដើម្បីជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់រយៈពេលយូរ ហើយក្រុមហ៊ុនក៍ទទួលបានការសសើរពីប្រជាពលរដ្ឋនិងអាជ្ញាធរផងដែរ ។ ជាមួយគ្នានេះលោកអភិបាលខណ្ឌបានស្នើអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរខណ្ឌក្នុងការផ្តល់ពត៍មានផ្សេងៗពាក់ព័ន្ធភាពមិនប្រក្រតីនៅក្នុងមូលដ្ឋាន ជាពិសេសមុនសញ្ញាមិនបទល្មើសដែលបង្កជាអសន្តិសុខសង្គម ។ រាល់ការផ្តល់ពត៍មានរបស់បងប្អូន អាជ្ញាធរនិងរក្សាការសម្ងាត់ជូន ហើយក៍មានន័យថាបងប្អូនបានចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្ត គោលនយោបាយ (ភូមិ សង្កាត់ មានសុវត្ថិភាព) អោយមានប្រសិទ្ធភាព ។
នៅចុងបញ្ចប់នៃពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងគ្មានសរសៃដែកនិងដាក់លូដោះទឹកនេះដែរ លោកអភិបាលខណ្ឌបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅកុំជឿតាមការឃោសនាញុះញុងបំផុសបំផុលពីសំណាក់ក្រុមបក្ខប្រឆាំងក្រៅច្បាប់ អាចនិយាយបានថាជាពួកឧទ្ទាម ក្នុងចេតនាអាក្រក់បង្កអសន្តិសុខសង្គម ។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ស្ថេរភាពសង្គម ដើម្បីជំរុញអោយប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនថែមទៀត ៕

 

អត្ថបទដែលជាប់ទាក់ទង