ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញបានសន្យាថា នឹងលុបបំបាត់ឲ្យអស់នូវហ្គេមបាញ់ត្រីនៅក្នុងរាជធានីភ្នំពេញ

71
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានសន្យាថានឹងលុបបំបាត់ឲ្យអស់នូវល្បែងស៊ីសង ប្រភេទ
ហ្គេមបាញ់ត្រីអោយអស់នៅក្នុងរាជធានីភ្នំពេញ ដោយសារតែល្បែងទាំងនេះ ធ្វើអោយក្មេងៗសិស្សានុសិស្សគេចសាលារៀន ធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមនុស្សដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ។
  លោកឃួង ស្រេង បានសន្យាបែបនេះ កាលពីព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៩ ខណៈដែលលោកនិងលោកស្រីបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ និង ពិធីចែករង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
   លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ក្នុងនាមលោកជាអាជ្ញាធរដែនដីរាជធានីភ្នំពេញ លោកសន្យាថា នឹងលុបបំបាត់ល្បែងស៊ីសង ប្រភេទ
ហ្គេមបាញ់ត្រីឲ្យអស់នៅក្នុងរាជធានីភ្នំពេញ ព្រោះវាបានធ្វើអោយសិស្សានុសិស្សគេចសាលារៀន ។ដូច្នេះទេអាជ្ញាធរខណ្ឌទាំង១៤និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវមានវិធានការលុបបំបាត់ល្បែងប្រភេទនេះអោយអស់ពីក្នុងអាណាចក្ររបស់ខ្លួន ។
      លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា កន្លងមកនេះយើងបានអនុវត្តរួចហើយជុំវិញការបង្រ្កាបល្បែងហ្គេមបាញ់ត្រីនេះ ហើយរាល់ការបង្ក្រាប កម្លាំងមានសមត្ថកិច្ចរបស់យើង បានត្រឹមតែដកហូតទូរហ្គេមនិងបិទទីតាំងប៉ុណ្ណោះ។ ប៉ុន្តែចាប់ពីពេលនេះតទៅយើងត្រូវតែមានវិធានការក្តៅជាងមុន ពោលគឺត្រូវចាប់ម្ចាស់ទូរហ្គេមនោះអោយបាន ទោះជាអ្នកមើលការខុសត្រូវស៊ីប្រាក់ខែគេក៏ដោយ យើងត្រូវតែឃាត់យកមកសួរនាំ ដើម្បីឈានទៅដល់ការចាប់ម្ចាស់ទូរហ្គេមមកដាក់ទោសទៅតាមច្បាប់។ ក្រៅពីការសន្យា លើការបង្ក្រាបល្បែងស៊ីសងអោយខាងតែបានហើយនោះពាក់ព័ន្ធនឹងគ្រឿងញៀនក៏ជាចំណុចដែលអាជ្ញាធររាជធានីភ្នំពេញ មានវិធានការបង្ក្រាបយ៉ាងពេញទំហឹងផងដែរ ពោលគឺធ្វើយ៉ាងណាអនុវត្តអោយបាននូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព៕
អត្ថបទដែលជាប់ទាក់ទង