ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើគ្មានការលះបង់របស់អ្នកដោះមីន កម្ពុជាគ្មានការអភិវឌ្ឍដូចសព្វថ្ងៃ

110

ភ្នំពេញ៖ ប្រសិនបើគ្មានការលះបង់របស់អ្នកដោះមីនទេ ប្រទេសកម្ពុជាក៏គ្មានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ។ អ្នកដោះមីនទាំងអស់ ដែលបានខិតខំប្រឹងប្រែងប្រថុយគ្រោះថ្នាក់ ដើម្បីបុព្វហេតុប្រទេសជាតិ។

លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានថ្លែងថា នៅថ្ងៃសុក្រទី២០កក្កដានេះ ជាថ្ងៃមហាលាភ មហាជ័យ “មិនមែនជាសុបិន្ដទៀតទេសម្រាប់ការទទួលគោលរបបយោធិននោះគឺជាការពិត លោក ឧត្តមសេនីយ៍ ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី បានបំពាក់ឋានន្ដរស័ក្ដិលើស្មាជូនបងប្អូនជានិវត្តជន ពិការនិងបាត់បង់សមត្ថភាពការងារ ហើយរបបសោធននឹងទទួលបាននាពេលដ៏ឆាប់ខាងមុខនេះ ក្នុងជំហានទី១នេះ បញ្ចូលបានចំនួន ២៧១រូប។

លោកបន្តថា មន្ត្រី-បុគ្គលិកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន(CMAC) ទាំងអស់មានក្តីរំភើបរីករាយនិងមានមោទនភាពឥតឧបមា ដែលបំណងប្រាថ្នាចូលក្របខណ្ឌ័ក្នុងកងយោធពលខេមរភូមិន្ទរបស់ខ្លួនបានសម្រេច។ តាងនាមមន្ដ្រី-បុគ្គលិក និងរូបខ្ញុំបាទផ្ទាល់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយគ្នានេះដែរ សូមគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងក្រុមការងារគណៈកម្មការបញ្ចូលក្របខ័ណ្ឌ ដែលបាន បញ្ចូលក្របខ័ណ្ឌក្នុងកងយោធពលខេមរភូមិន្ទ ដល់មន្ដ្រី-បុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ព្រមទាំងក្រសួងពាក់ពន្ធ័ទាំងអស់ដែលញាំងឱយកើតបានពិធីដ៏ប្រពៃថ្លៃថ្លានេះ។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចគ្នាក្នុងនាមជាយុវជនម្នាក់ ខ្ញុំសូមថ្លែងអំណរគុណដល់ ពូ អ៊ុំ មីង បងៗទាំងអស់ ដែលបានធ្វើការពាក់ព័ន្ធនឹងមីន បើសិនជាគ្មានការប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាទេ ការអភិវឌ្ឍប្រទេសរបស់យើងក៏គ្មានដូចសព្វថ្ងៃនេះដែរ។ ហើយការលូតលាស់របស់ប្រទេសមួយ បើសិនជាគ្មានការចូលរួមពីអ្នកទាំងអស់គ្នាទេ ប្រហែលជាយើងមិនមានការអភិវឌ្ឍដូចសព្វថ្ងៃដែរ»។ «ម៉្យាងទៀតក្មេងៗជំនាន់ក្រោយក៏ត្រូវដឹងគុណដល់ អ៊ុំ ពូ មីង ដែលប្រឈមនឹងគ្រោះថ្នាក់ ពេលដែលចុះទៅសម្អាតមីនម្តងៗនោះ មិនដឹងថាយើងអាចចេញពីតំបន់នោះដោយសុវត្ថិភាព ឬយ៉ាងណាទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្នុងនាមជាយុវជនមួយរូបខ្ញុំមានឱកាស ដើម្បីឈរចំពោះមុខ អ៊ុំ ពូៗ ដើម្បីឈរថ្លែងអំណរគុណ ក្នុងការលះបង់ចំពោះបុព្វហេតុជាតិយើងតែម្តង»៕

អត្ថបទដែលជាប់ទាក់ទង