បណ្តារោងចក្រ ក្រុមហ៊ុន និងអ្នកនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU) នឹងអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX ) នាដើមឆ្នាំ២០២០
(ភ្នំពេញ)៖ រោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញទៅសហភាពអឺរ៉ុប (EU) នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) សម្រាប់ការនាំចេញទៅទីផ្សារសហភាពអឺរ៉ុប រួមមាន៖ ជួយសម្រួលដល់ការនាំចេញទំនិញពីកម្ពុជា កាត់បន្ថយពេលវេលា ចំណេញថវិកា និងនាំចេញដោយពុំចាំបាច់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO)។ សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី “ការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញសម្រាប់នាំចេញទៅសហភាពអឺរ៉ុប (EU)” ក្រោមអធិបតីភាព លោកពេជ ឬទ្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។ សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីជំនាញក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) និងតំណាងរោងចក្រ ក្រុមហ៊ុននាំចេញទៅទីផ្សារ EU សរុបជាង ២០០រូប។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោកពេជ ឬទ្ធី បានជម្រាបជូនថា សិក្ខាសាលានេះមានគោលបំណងជូនដំណឹងនិងផ្សព្វផ្សាយដល់បណ្តាផលិតករ ពាណិជ្ជករ រោងចក្រ និងក្រុមហ៊ុននាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប ឲ្យបានយល់ដឹងអំពីនីតិវិធីចុះបញ្ជីអ្នកនាំចេញ និងលក្ខខណ្ឌតម្រូវចាំបាច់ដើម្បីអាចអនុវត្តប្រព័ន្ធ(REX)នេះ ដែលពុំធ្លាប់បានចូលរួមសិក្ខាសាលានេះកន្លងមក។ លោកពេជ ឬទ្ធី បានបន្តទៀតថា សហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញទំនិញពីកម្ពុជាទៅទីផ្សារ EU ចាប់ផ្តើមអនុវត្តប្រព័ន្ធនេះចាប់ពីដើមឆ្នាំ២០២០តទៅ។ ក្នុងសិក្ខាសាលានេះ លោកវាគ្មិនបានពន្យល់យ៉ាងច្បាស់លាស់អំពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប កំណែទម្រង់នីតិវិធីនៃការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងការអនុវត្តប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) សម្រាប់ការនាំចេញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU)។
ចុងបញ្ចប់នៃកម្មវិធីសិក្ខាសាលា លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់អំពីអត្ថប្រយោជន៍ចំពោះក្រុមហ៊ុន និងអ្នកនាំចេញដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញ (REX System) នឹងទទួលបានការលើកលែងពន្ធក្នុងការនាំចេញទំនិញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុបចាប់ពីដើមឆ្នាំ២០២០តទៅ ដោយឡែករោងចក្រ ក្រុមហ៊ុន សហគ្រាស និងអ្នកនាំចេញ ដែលពុំទាន់បានចុះបញ្ជីក្នុងប្រព័ន្ធនេះនឹងត្រូវជាប់កាតព្វកិច្ចបង់ពន្ធ (ពន្ធនាំចូល) ពេលនាំចូលទៅសហភាពអឺរ៉ុប(EU)។
បន្ថែមលើនេះ លោកអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តពាណិជ្ជករ ឬអ្នកនាំចេញទំនិញទៅទីផ្សារសហភាពអឺរ៉ុប ត្រូវត្រៀមលក្ខណៈសម្បត្តិ និងចូលរួមចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអ្នកនាំចេញនេះឱ្យបានគ្រប់ៗគ្នា ដែលសហភាពអឺរ៉ុបបានតម្រូវឱ្យបណ្តាអ្នកនាំចេញពីកម្ពុជាចាប់ផ្តើមអនុវត្តប្រព័ន្ធនេះនៅដើមឆ្នាំ២០២០៕