ប្រទះឃើញសាកសពស្ត្រីម្នាក់ ក្នុងសភាពអាក្រាតកាយ
បាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារ ណជន ដែលនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គមជ្រាបថា នៅថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ ២០១៩ វេលាម៉ោងប្រមាណជា១០ព្រឹក ប្រជាពលរដ្ឋបានប្រទះឃើញសាកសពស្ត្រីម្នាក់ ដេកស្លាប់ក្នុងសភាពអាក្រាតកាយ ស្ថិតនៅចំណុចវាលស្រែ ស្ថិតក្នុងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា ក្រោយទទួល បានព័ត៌មាននេះ និងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះ ទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវជុំវិញករណីនេះជាបន្ទាន់ហើយ ប៉ុន្តែរហូតមក ដល់ពេលនេះ អត្តសញ្ញាណរបស់ជនរងគ្រោះមិនទាន់បានស្គាល់នៅឡើយទេ ដែលសមត្ថកិច្ចនគរបាលកំពុងស្វះស្វែងរក ។
ដើម្បីមានមូលដ្ឋានក្នុងកិច្ចស្រាវជ្រាវ ឈានទៅកំណត់អំពីអង្គហេតុពិតប្រាកដ នៃករណីខាងលើ និងស្វែងរកជន ដៃដល់ក្នុងករណីនេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជូនដំណឹងដល់សាធារណជន ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញព័ត៌មានសង្គម មេត្តាជួយពិនិត្យ ភិនភាគ ជនរងគ្រោះខាងលើ និងជួយផ្សព្វផ្សាយបន្តនូវព័ត៌មាននេះ បានដឹងដល់សាច់ញាតិ ឬក្រុមគ្រួសាររបស់ជនរងគ្រោះ ។
ភិនភាគជនរងគ្រោះ៖ ជនរងគ្រោះភេទស្រី អាយុប្រមាណជាង៣០ឆ្នាំ កម្ពស់ ១,៥០ ម៉ែត្រ សម្បុរស្រអែម សក់វែងពណ៌ខ្មៅ ម្រាមមេដៃខាងឆ្វេងមានភិនភាគ (កុតមិនដុះក្រចក) មានពាក់ចិញ្ចៀនដាំត្បូង មានពាក់ខ្សែចង្កេះ
មានពាក់ស្បែកជើងក្រវ៉ាត់កែងពណ៌ស។
ប្រសិនបើបងប្អូនសាច់ញាតិ ឬក្រុមគ្រួសារឬអ្នកដែលបានស្គាល់ ភិនភាគជនរងគ្រោះសូមទំនាក់ទំនងមក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕