ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អរគុណសន្តិភាពដែលបាននាំមកនូវសុខដុមរមនា និងការរីកចម្រើនរបស់ស្ត្រី នៅទូទាំងប្រទេស

53

 

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា អរគុណសន្តិភាពខ្លាំងណាស់ដែលបាននាំមកនូវសុខដុមរមនា​និង​ការរីកចម្រើនជូនប្រជាពលរដ្ឋខ្មែរ ពិសេសស្ត្រីនៅទូទាំងប្រទេសក្រោមមាគ៌ា​ដឹកនាំរបស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការថ្លែងរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នេះ ក្នុងពិធីប្រកាសសមាសភាព​គណៈ​កម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងកិច្ចការនារី កាល​ពី​ថ្ងៃព្រហស្បត្តិ៍ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន ​សំអន បានពាំនាំនូវការសាកសួរសុខទុក្ខ​និង​សេចក្តី​​នឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ​ក្រហមកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងមុតមាំថា គណៈកម្ម​ការសាខាសមាគមនារីក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីអនុវត្តន៍ឱ្យបានជោគជ័យនូវទិសដៅ ភារកិច្ចដែលបានលើកឡើង ដោយបង្កើនការ​សាម​គ្គីភាពទូលំទូលាយ ឯកភាព និងសហការគ្នា។ ម្យ៉ាងទៀត ពិធីនេះប្រព្រឹត្ត​ទៅនៅពេល​ដែលប្រទេសយើង ទើបនឹងបានរៀបចំដោយជោគជ័យនូវខួបទី៤១ ថ្ងៃដណ្តើមបានជ័យជម្នះ លើរបបប្រល័យពូជសាសន៍៧ មករា ១៩៧៩-៧ មករា ២០២០ ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ​ដល់​ជនរួមជាតិរាប់លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាង អយុត្តិធ៌មដោយសារ សង្គ្រាម និងអំពើ​ប្រល័យពូជសាសន៍ ព្រមទាំងរម្លឹកដល់វីរភាពដ៏អង់អាចក្លាហាន របស់យុទ្ធជនស្នេហាជាតិ ក្នុងដំណើរឆ្ពោះទៅកាន់ការរំដោះជាតិ។

លោកជំទាវកិត្តិសង្គហបណ្ឌិតថ្លែងបន្តថា ផ្អែកលើកម្លាំងមហាសាមគ្គីជាតិនិងការឧបត្ថម្ភពីមិត្ត​ភក្តិជិតឆ្ងាយ និងសហគមន៍អន្តរជាតិ យើងបានឆ្លងកាត់ឧបសគ្គទាំងនោះដោយជោគជ័យ ធ្វើ​ឱ្យប្រទេសជាតិមានសន្តិភាព ស្ថិរភាព មានការរីកចម្រើនជាបន្តបន្ទាប់ រហូតឈានដល់​ដំណាក់​កាលអភិវឌ្ឍន៍ដូចពេលនេះ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏សូម​អរគុណសន្តិភាព និងសូមអរគុណនូវនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលដែល​បាន​ដាក់​ចេញ និងត្រូវបានអនុវត្តន៍យ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះ មានសន្តិភាព ទើប​ធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រជា​ពលរដ្ឋមានជីវភាពរស់នៅសុខសាន្ត​សម្បូរ សប្បាយ មានសន្តិភាពទើបធានាដល់ការ​ស្ថិត​ស្ថេរ និងរីកចម្រើននៃលទ្ធិប្រជាធិប​តេយ្យ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្ថែមថា “បើយើងបាត់បង់សន្តិភាព យើងនឹងបាត់​បង់នូវអ្វីៗទាំងអស់ ដូច្នេះយើងត្រូវតែការពារដាច់ខាតនូវសន្តិភាពមិនអនុញ្ញាត​ឱ្យកម្លាំង​ប្រតិ​កិរិយាណាមកបំផ្លាញបានជាដាច់ខាត”។ ដោយឡែកដំណើរការកែទម្រង់រដ្ឋគ្រប់វិស័យ​ទទួល​បានលទ្ធផលផ្លែផ្កានិងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋ​បាល​សាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ​និងកំណែ​ទម្រង់ការគ្រប់គ្រងដីធ្លីនិងព្រៃឈើ។ល។ កំពុងតែធ្វើដំណើរទៅមុខក្នុងទិសដៅត្រឹមត្រូវ ហើយបាននិងកំពុងផ្តល់លទ្ធផលគាប់ប្រសើរ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបន្តថា នេះគឺជាឧិកាសដែលមានភាពអំណោយផលល្អបំផុត ដែលយើងត្រូវច្បាមឱ្យ​ជាប់ និងចេះប្រើប្រាស់ឱកាសនេះដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២២-២០២៣​ ខាងមុខនេះ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង