ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិនិត្យមើលផ្លូវទាំង ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ដែលកំពុងតែដំណើរការស្ថាបនាដើម្បីជំរុញពន្លឿនការងារស្ថាបនា

52

ព្រះសីហនុ៖
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិរួមជាមួយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាហៅកាត់ថាគ.អ.ឆ.ក អមដំណើរដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុព្រមទាំងសមាជិកគណៈកម្មាធិការជាតិ គ.អ.ឆ.ក នាយទាហាន មន្ត្រីមន្ទីរស្ថាប័នពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យមើលផ្លូវទាំង ៣៤ ខ្សែក្នុងក្រុងព្រះសីហនុ ដែលកំពុងតែដំណើរការស្ថាបនាដើម្បីជំរុញពន្លឿនការងារស្ថាបនាផ្លូវទាំង ៣៤ ខ្សែនេះឱ្យឆាប់រួចរាល់ជាស្ថាពរតាមការគ្រោងទុកនិងស្របតាមស្តង់ដាបច្ចេកទេសដែលអាចធានាបាននូវគុណភាពរឹងមាំសម្រាប់ប្រើប្រាស់បានយូរអង្វែង។

ក្នុងដំណើរចុះពិនិត្យមើលការដ្ឋានស្ថាបនាផ្លូវទាំងនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណដល់គណ:កម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដែលមាន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាជាប្រធាន បានយកចិត្តទុកដាក់លើការងារស្ថាបនាផ្លូវទាំង៣៤ខ្សែ ក្នុងក្រុងព្រះសីហនុដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន តាំងពីពេលចាប់ផ្តើមបើកដំណើរការការដ្ឋានរហូតមកទល់ពេលនេះដោយផ្ដល់កិច្ចសហការល្អជាមួយកងវិស្វកម្មក្រសួងការពារជាតិនិងក្រុមហ៊ុនស្ថាបនាផ្លូវមួយចំនួនទៀតដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នៃការអភិវឌ្ឍយ៉ាងគំហុកនៅក្នុងខេត្តព្រះសីហនុ ជាពិសេសសំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើបឲ្យមានសោភ័ណ្ឌភាព បរិស្ថានល្អសម្រាប់ការរស់នៅទេសចរណ៍និងធុរកិច្ចផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានឲ្យដឹងថាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុដែលកំពុងតែដំណើរការស្ថាបនានេះគឺមានប្រវែងសរុបជាង ៨៤គីឡូម៉ែត្រមានរង្វង់មូលចំនួន ៣និងស្ពានចំនួន ៦ប្រវែង ២៥២ម៉ែត្រ។ ផ្លូវទាំងនេះត្រូវប្រើរយៈពេលក្នុងការស្ថាបនាត្រឹមតែ ៨ខែប៉ុណ្ណោះ ដូច្នេះនាពេលខាងមុខឆាប់ៗ នេះក្រុងព្រះសីហនុនឹងប្រែមុខមាត់ថ្មីក្លាយទៅជាទីក្រុងដែលមានសុវត្ថិភាពបំផុតនិងទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍និងអ្នកវិនិយោគនានា។ដោយឡែកក្នុង គោលដៅ ប្រែក្លាយ ក្រុង ព្រះសីហនុ ទៅជា ទីក្រុង ទំនើបដែល មានសោភណ្ឌភាព បរិស្ថាន ល្អសម្រាប់ ការ រស់ នៅ ទេសចរណ៍ និង ធុរកិច្ច ជាពិសេសធានាបាន គុណភាព ខ្ពស់ រឹងមាំ ប្រើប្រាស់ បាន យូរអង្វែង ការស្ថាបនាផ្លូវទាំង ៣៤ ខ្សែ ក្នុងក្របខណ្ឌនៃថវិកាទទួលបានពីការដោះដូរធនធាននៅខេត្តព្រះសីហនុ ត្រូវគោរព តាម គោលការណ៍ និងលក្ខណៈបច្ចេកទេស ដូច ខាង ក្រោម ៖
1. គោរពតាម ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ ២០៣០ ដែលត្រូវ ដាក់ ឱ្យប្រើប្រាស់ ដោយ អនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។
2. កំណត់អ័ក្សផ្លូវតាម ចំណុច កណ្តាលនៃ ដីចំណីផ្លូវសាធារណៈ ស្របតាម ប្លង់ សុរិយោដី។
3. សាងសង់ តាមគម្រោង ប្លង់បច្ចេកទេស លម្អិត (detailed design) នៃ ខ្សែផ្លូវនីមួយៗ ដែលសិក្សា ដោយ គណៈកម្មាធិការ ជាតិ គ្រប់ គ្រង និងអភិវឌ្ឍ តំបន់ ឆ្នេរសមុទ្រក ម្ពុជា អនុលោមតាមបទដ្ឋានរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន៖
− ទ្រូងផ្លូវ ធ្វើ ពី បេតុងកម្រាស់ ២៥០ មីលីម៉ែត្រ ក្រាលកៅស៊ូ បេទីម (Asphalt Concrete) កម្រាស់ ៧០ មីលីម៉ែត្រ។ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២ មីលីម៉ែត្រ
− ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើង ក្រាលសន្លឹកបេតុង (Concrete Slab)និងផ្លូវជិះកង់ទទឹង ១,៥០ ម៉ែត្រ ក្រាល កៅស៊ូបេទីម កម្រាស់ ៥០ មីលីម៉ែត្រ និងមានដាំស្មៅ និង ដើម ឈើ ជាផ្ទៃជ្រាបទឹក
− ដាំដើមតែនៅតាមផ្លូវដែលមានសួន កណ្តាលចែកផ្លូវ
− បង្កប់លូទឹកភ្លៀងមុខកាត់ ១ ម៉ែត្រ និងលូ ទឹកកខ្វក់មុខកាត់ ១ ម៉ែត្រ តាមបណ្តាយសងខាង ផ្លូវ
− មានបង្គោលភ្លើង ប្រើ ថាមពលព្រះអាទិត្យ
− មាន គំនូស និង ផ្លាក សញ្ញាចរាចរណ៍ តាមបទដ្ឋានបច្ចេកទេស ។
គួរបញ្ជាក់ថាផ្លូវទាំង ៣៤ខ្សែដែលកំពុងតែស្ថាបនាក្នុងក្រុងព្រះសីហនុនេះគឺទទួលបន្ទុកស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដោយចាប់តាំងពីពេលសម្ភោធបើកការដ្ឋានដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ រហូតមកទល់ពេលនេះគឺសម្រេចការស្ថាបនាបាន៣០ភាគរយហើយ៕

យយុ

អត្ថបទដែលជាប់ទាក់ទង