វិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈ
ភ្នំពេញ៖ ក្រសួងអប់រំ បានចេញសេចក្តីណែនាំ ស្ដីពី វិធានការទប់ស្កាត់សកម្មភាព មិនប្រក្រតីក្នុងទិវានៃក្ដីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ព្រោះទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ ដែលធ្វើឲ្យយុវជនខ្មែរមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។
តាមសេចក្ដីណែនាំនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជននិងកីឡា បានសង្កេតឃើញថា សិស្សានុសិស្សមួយចំនួនតូច យល់ច្រឡំថា ថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃបុណ្យ ឬជាថ្ងៃណាត់ជួបគ្នារវាងគូរស្នេហ៍។ ទិវានេះពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរយើងទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាក វប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។
ដើម្បីបន្តពង្រឹងការ អនុវត្តបទបញ្ជាផ្ទៃក្នុង សម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ សូមធ្វើការណែនាំ ស្តីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រត្រី ក្នុងថ្ងៃ១៤ កុម្ភៈ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចតទៅ៖ ១) ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវា នៃក្ដីស្រឡាញ់។ ២) ត្រូវពង្រឹងការអនុវត្តវិន័យ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។ ៣) ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព មិត្តអប់រំមិត្ដ។៤) ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ អប់រំណែនាំកែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា។
បើតាមការផ្សព្វផ្សាយព័ត៌មានលើវេបសាយ km.wikipedia.org បានឲ្យដឹងថា ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានប្រព្រឹត្តិឡើងនៅចំ ថ្ងៃទី១៤កុម្ភ:។ បុណ្យនេះគឺជាថ្ងៃដែលបញ្ជាក់អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់សម្រាប់តែគូស្នេហ៍ទេ។ សេចក្ដីស្រឡាញ់ មានលក្ខណៈទូលំទូលាយ។ ប៉ុន្ដែ ថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ត្រូវបានយល់ច្រលំដោយគិតថាថ្ងៃបុណ្យនេះសម្រាប់តែគូស្នេហ៍ ជាពិសេសក្នុងចំណោមយុវវ័យក្មេងៗ ទើបបានជាពួកគេហៅថ្ងៃបុណ្យនេះថា ថ្ងៃបុណ្យសង្សារ។ S នៅថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នាទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតាស្នេហា ដែលមានកាន់ព្រួញនិងបេះដូង។
ប្រវត្តិរឿងព្រេង គឺនៅ សតវត្សរ៍ ទី៣ នៃ គ្រិស្តសករាជ Valentine ជា អាចារ្យម្នាក់នៃ ក្រុងទែរមី (ប្រទេសអ៊ីតាលី)។ គាត់បានរៀបការឲ្យគូរស្នេហ៍មួយគូរដែលគេមិនត្រូវបានអនុញ្ញាត ព្រោះឪពុកម្ដាយរបស់ពួកគេមិនអនុញ្ញាត ឬ តាមប្រភពខ្លះ ដោយសារតែ កូនកំលោះជា ទាសករ ឬ ជាទាហាន ទើបច្បាប់ប្រទេសត្រូវហាមប្រាម។ Valentine បានរៀបការឲ្យផ្កា ជាច្រើនគូរនៅក្នុងសួនច្បាររបស់គាត់ (នេះជាហេតុផលដែលផ្កា ដើរតួយ៉ាងសំខាន់សម្រាប់ថ្ងៃបុណ្យនៃក្ដីស្រឡាញ់)។ រឿងនេះមិនបានធ្វើឲ្យព្រះចៅអធិរាជពេញចិត្តឡើយ ហេតុនេះទើប នៅថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ269 Valentine ត្រូវបានកាត់ទោសប្រហាជីវិត។
នៅសហរដ្ឋអាមេរិក និងអឺរ៉ុប គឺនៅសតវត្សរ៍ទី១៩ ទម្លាប់ជូនប័ណ្ណជូនពរនៅថ្ងៃនៃសេចក្ដីស្រឡាញ់ត្រូវបានគេនិយមចូលចិត្ត។ គេបានរចនាប័ណ្ណទាំងនោះ ដោយតុបតែងរូបភាពផ្សេងៗដូចជា រូបបេះដូង ឬរូបភាពផ្កាជាដើម។ ក្រៅពីនេះ គេក៏បានសរសេរកំណាព្យ ឬពាក្យពេចន៍ដែលបញ្ជាក់ពីអារម្មណ៍ និងសេចក្ដីស្នេហាដែលគេមានចំពោះអ្នកទទួល។ សព្វថ្ងៃនេះ គំនិតជូនប័ណ្ណជូនពរនេះ នៅតែបានគេប្រើប្រាស់នៅឡើយ។ ពួកគេបានព្យាយាមធ្វើឲ្យវាមានលក្ខណៈផ្អែមល្ហែមដោយ សរសេរជាលេខសម្ងាត់ ឬបំប្លែងតួអក្សរទៅជាលេខ។ល៕