តុលាការចោទប្រកាន់ លោក ស ថាវី និងបក្ខពួក លួចដីគេលក់តម្លៃ១៥ម៉ឺនដុល្លារនៅព្រែកព្នៅ
ភ្នំពេញ៖ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចចោទប្រកាន់ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអភិបាលខេត្តឧត្តរមានជ័យ ជាមេគំនិតឆបោក និងបក្ខពួកចំនួន៣នាក់ទៀត ពាក់ព័ន្ធការលួចដីគេលក់ឲ្យអ្នកដទៃតម្លៃ១៥ម៉ឺនដុល្លារ នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បន្ទាប់ពីបានចោទប្រកាន់រួចហើយ តើចាំមើលតុលាការហ៊ានចាប់ខ្លួនលោក ស ថាវី ញាត់គុកដែរទេ ឬក៏ជាប់តែជនតូចតាច៣នាក់នោះ។
លោក ស ថាវី អតីតអភិបាលខេត្តឧត្តរមានជ័យ បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ ចំណែកបក្ខពួកផ្សេងទៀត ដែលក្នុងនោះមាន៧នាក់ ត្រូវបានគេស្គាល់ឈ្មោះ ត្រូវបានចោទប្រកាន់ពីបទ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។ ក្នុងចំណោមជនសង្ស័យ៧នាក់នោះ មាន៣រូប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន រួមមាន ឡុង ដារ៉ា អាយុ៣៥ឆ្នាំ, ឡូញ រស់ ភេទប្រុស អាយុ៤០ឆ្នាំ និង ប៉ូច ថេន ភេទប្រុស អាយុ៥២ឆ្នាំ។ ឯ៤នាក់ទៀតកំពុងរត់គេចខ្លួន។ ជនទាំង៣នាក់នេះ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ជាប់ពាក់ព័ន្ធរឿងលួចលក់ដីអ្នកដទៃមានទំហំ ២២៩០០ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ។ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបញ្ជូនក្រុមជនសង្ស័យទាំង៣រូបនេះ មកកាន់តុលាការ កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។
ដីការបស់ព្រះរាជអាជ្ញា សយ ណូរ៉ា បានសម្រេចចោទប្រកាន់បើកការស៊ើបសួរ លើមនុស្សចំនួន៩នាក់ ១៖ លោក ស ថាវី អាយុ៥៣ឆ្នាំ ក្រៅឃុំ , ២៖ លោក ឡុង ដារ៉ា ហៅ ណាង មានខ្លួន , ៣៖ លោក ប៉ូច ថេន អាយុ៥២ឆ្នាំ មានខ្លួន
, ៤៖ លោក ឡូញ រស់ អាយុ៤០ឆ្នាំ មានខ្លួន, ៥៖ លោក អ៊ុក ភក្តី កើតឆ្នាំ១៩៦៦ ក្រៅឃុំ, ៦៖ លោក យិន អ៊ិម ក្រៅឃុំ, ៧៖ លោក ម៉ាត់ ឌី អាយុ៥០ឆ្នាំ ក្រៅឃុំ, ៨៖ លោកស្រី យស់ ម៉ាលីណា ក្រៅឃុំ និង៩៖ និង គូកន ក្រៅឃុំ។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ឈ្មោះ ឡុង ដារ៉ា បានលក់ដីទំហំ ២២៩០០ម៉ែត្រការ៉េ ទៅឱ្យឈ្មោះ ប៉ូច ថេន ក្នុងតម្លៃទឹកប្រាក់ (១៥ម៉ឺនដុល្លារអាមេរិក) ហើយបានចែកលុយនោះឲ្យទៅមេធាវីចំនួន៧ម៉ឺនដុល្លារ ចែកទៅឲ្យលោក យិន អ៊ិម ចៅសង្កាត់សំរោង ៤ម៉ឺនដុល្លារ ជាថ្លៃធ្វើឯកសារលក់ដីខាងលើ និងចែកមនុស្សមួយចំនួនទៀត។ ឈ្មោះ ឡុង ដារ៉ា បានសារភាពថា នៅសល់ប្រាក់៣០០០០ដុល្លារអាមេរិក។ ជនសង្ស័យ ឡុង ដារ៉ា បានបញ្ជាក់ប្រាប់សមត្ថកិច្ចទៀតថា ដីនេះឈ្មោះ ប៉ូច ថេន ជាអ្នកឈរឈ្មោះទិញទៅឱ្យឈ្មោះ ស ថាវី ហើយចំពោះប្រាក់ចំនួន ១៥ម៉ឺនដុល្លារនោះ ឈ្មោះ ឡុង ដារ៉ា បានទទួលពីឈ្មោះ ស ថាវី អ្នកស្រី ឡោក ខេង តាមរយៈមូលប្បទានបត្ររបស់ធនាគារកាណាឌីយ៉ា។
លោកផែង វណ្ណៈ បានថ្លែងថា “ក្នុងរឿងនេះមានលោកជំទាវតំណាងរាស្ត្រម្នាក់នៅពីក្រោយខ្នងអ្នកទិញ ។ ទោះបីដឹងថាខ្លួនទិញដីពីចោរហើយក៏ដោយក៏មិនព្រមប្រគល់ដីឲ្យម្ចាស់គេវិញដែរ ថែមទាំងទៅធ្វើរបងព័ទ្ធយកថែមទៀតផង ។ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅពីក្រោយខ្នងចោរលក់ដី ។ លោកជំទាវតំណាងរាស្ត្រម្នាក់ នៅពីក្រោយខ្នងអ្នកទិញដីចោរ “។
ឈ្មោះ ឡុង ដារ៉ា បានសារភាពប្រាប់សមត្ថកិច្ចថា ចំពោះដីស្រែដែលខ្លួនបានលក់នោះដែរ គឺជាដីស្រែរបស់ លោក ភឺន ផល្លា ដោយមាន លោក ស ថាវី ជាអ្នកបញ្ជាឲ្យខ្លួនជាអ្នកលក់ទៅឲ្យឈ្នោះ ប៉ូច ថេន ហើយរាល់ឯកសារទាំងអស់ពាក់ព័ន្ធនឹងការទិញលក់ដីនេះ គឺឈ្មោះ អ៊ុ ភក្តី ជាអ្នករៀបចំឡើង៕