ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីអំពាវនាវកុំអោយ មានការកាត់លុយ ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ ហើយរសាយទៅវិញ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ វីរុសកូវីដ ១៩

57

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការ
អំពាវនាវអោយ ម្ចាស់អាជីវកម្មចុងភៅម្ចាស់អាគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ សូមកុំកាត់លុយ
ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ ខណៈដែលពួកគាត់
សម្រេចចិត្ត រំសាយកម្មវិធីវិញ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ វីរុសកូវីដ ១៩ (COVID-19) ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
 នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែលសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី១៩ មិនា ២០២០នេះ ដែលក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ន័យទាំងស្រុងថា៖ក្នុងរយៈពេលកន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគ្រោងរៀបចំពិធីជប់លៀង មង្គលការពិធីបុណ្យនិងកម្មវិធីជួបជុំផ្សេងៗ បានសម្រេច លើកពេលឬរំសាយកម្មវិធីវិញ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ វីរុសកូវីដ ១៩ (COVID-19) ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
   ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់កម្មវិធី  រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់ឯកឧត្តមលោកជំទាវអ្នកឧកញ៉ាលោក លោកស្រីជាម្ចាស់អាជីវកម្មចុងភៅម្ចាស់អាគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ សូមមេត្តាកុំកាត់លុយឬយកលេសទាមទារសំណងនៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ ជៀសវាងការយកឱកាសនេះ ដើម្បីកេងចំណេញពីប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចូលរួមក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ វីរុសកូវីដ ១៩ (COVID-19)នៅក្នុងរាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេសកម្ពុជា។
   រដ្ឋបាលភ្នំពេញសូម ឯកឧត្តមលោកជំទាវអ្នកឧកញ៉ាលោក លោកស្រីជាម្ចាស់អាជីវកម្មចុងភៅម្ចាស់អាគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ សូមចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីអំពាវនាវនេះដោយ ស្មារតីយោគយល់អធ្យាស្រ័យខ្ពស់និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយជាក់ជាមិនខាន៕
អត្ថបទដែលជាប់ទាក់ទង