ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរាប្រទះឃើញសំណង់ ឈើអាយុកាលជិត១០០០ឆ្នាំក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងប្រាសាទអង្គវត្ត

50

រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយរួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ការរកឃើញនេះត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថាជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹករួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្តជំនឿនិងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។

មានប្រសាសន៍នៅថ្ងៃទី២៥ខែមីនាឆ្នាំ២០២០លោកអ៊ឹមសុខរិទ្ធីបុរាណវិទូនិងជាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការឱ្យដឹងថារចនាសម្ពន្ធសំណង់ឈើដែលបានប្រទះឃើញនេះស្ថិតនៅចំកណ្តាលនៃស្រះដែលមានអាយុកាលជិត១ពាន់ឆ្នាំហើយតែនៅមានទ្រង់ទ្រាយល្អដូចដើមនិងមានការបញ្ចុះបានយ៉ាងត្រឹមត្រូវដោយមានស្រទាប់ខ្សាច់ស្រទាប់ថ្មស្រទាប់កំណករុក្ខជាតិនិងធញ្ញជាតិស្រទាប់សត្វសមុទ្រនិងបំណែកកុលាលភាជន៍ជាច្រើនសម័យកាលដែលបានរៀបចំយ៉ាងស្អាតប្រកបដោយគំនិតសិល្បៈលាយបញ្ចូលនឹងជំនឿព្រោះមានមានតម្កល់បដិមានៃព្រហ្មមញ្ញសាសានា១អង្គផង។បដិមានេះជាទេពតំណាងឱ្យចំណេះដឹងបញ្ញាញាណនិងមន្តអាគម។ការដែលបញ្ចុះទេពលាយជាមួយដូច្នេះគឺបង្ហាញពីការគោរពតាមជំនឿដើម្បីជាទីពឹងពាក់របស់មនុស្សនិងដើម្បីឱ្យទីនេះក្លាយជាទីទុកចិត្តក្លាយជាទឹកពិសិដ្ឋសម្រាប់ប្រោះព្រំអ្នកផងមកសំពះព្រះពិស្ណុលោក។

លោកសុខរិទ្ធីបានបន្តថាការរកឃើញថ្មីនេះជាប្រវត្តិសាស្ត្រនៃការស្រាវជ្រាវដំបូងហើយដែលបានប្រទះឃើញនូវសំណង់ឈើមានស្នាដៃល្អស្អាតនិងព្រះមួយអង្គនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។នេះក៏ជាភស្តុតាងវិទ្យាសាស្រ្តស្រាវជ្រាវបែបបុរាណវិទ្យាដែលបានបំពេញបន្ថែមទៅលើព័ត៌មានកន្លងមកដែលយើងពឹងផ្អែកការសិក្សាស្រាវជ្រាវលើសិលាចារឹកបដិមាសាស្រ្តប្រវត្តិសិល្បៈ។ល។ដែលបង្ហាញនូវអាថ៌កំបាំងយ៉ាងធំមួយទាក់ទងនឹងប្រវត្តិនៃការកសាងស្រះទឹកសំណង់ប្រាសាទអង្គរវត្តបរិស្ថានធម្មជាតិនិងការរស់នៅរបស់មនុស្សដែលបង្ហាញឱ្យដឹងថាអង្គរមិនមានការបោះបង់ចោលនោះទេគឺមានមនុស្សមករស់នៅទីនេះមិនដាច់តាំងពីសម័យកសាងរហូតដល់សម័យទំនើប។

លោកបន្ថែមថាដំណាក់កាលដំបូងនេះយើងមិនទាន់កំណត់ឱ្យច្បាស់ថាសំណង់ឈើនេះមានប្រភេទឈើអ្វីខ្លះ? សំណង់មានតួនាទីអ្វីប្រាកដនោះឡើយគឺរង់ចាំការយកបំណែកឈើទៅពិសោធន៍និងសិក្សាតាមបែបវិទ្យាសាស្ត្រជាមួយអ្នកជំនាញផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង