ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន ING Holdings កំពុងសម្រុកបញ្ចប់បើកមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចតភ្ជាប់ផ្លូវ២៧១ (ច្រមុះជ្រូកក្បាលថ្នល់) ឲ្យបានលំហរផ្លូវពេញលេញនៅសប្តាហ៍ក្រោយ

1,578

ភ្នំពេញ ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានលំហរផ្លូវតូចនៅចំនុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ត្រូវបានពង្រីកឲ្យធំតាមទំហំពេញលេញ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់ និងការស្ថាបនាពង្រីកបន្ថែមដោយក្រុមហ៊ុន ING Holdings Co., Ltd ដោយគ្រោងនឹងបញ្ចប់នៅសប្តាហ៍ក្រោយនេះហើយ ពោលគឺមុនដំណាច់ខែមីនា។ នេះតាមការបញ្ជាក់ឲ្យដឹងពីតំណាងក្រុមហ៊ុន ING Holdings Co., Ltd របស់លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ។

តាមការបញ្ជាក់បន្ថែមពីតំណាងក្រុមហ៊ុន ING Holdings Co., Ltd កន្លងមកការដោះស្រាយផលប៉ះពាល់មានដំណើរការអូសបន្លាយពេល ក៏ប៉ុន្តែបានឈានដល់ការព្រមព្រៀងបញ្ចប់ដោយសុខុដុមរមនា គឺប្រជាពលរដ្ឋបានទទួលការដោះស្រាយដែលពួកគាត់អាចទទួលយកបាន រហូតអាចឲ្យក្រុមហ៊ុនឈានដល់ការពង្រីកលំហរមហាវិថីបានទំហំពេញតែម្តង។ ក្រុមហ៊ុនបាននិងកំពុងធ្វើការចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចញ្ចើម១៥ម៉ែត្រសង្ខាង ដើម្បីសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។ ការសម្រេចបាននូវផ្លែផ្កាជាសមិទ្ធិផលសម្រាប់ទាំងអស់គ្នានាពេលនេះ ត្រូវបានតំណាងក្រុមហ៊ុនឲ្យដឹងថា មានការចូលរួមសហការ និងសម្របសម្រួលយ៉ាងខ្លាំងក្លាពីសាលារាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញពាក់ព័ន្ធ ហើយក៏សូមឆ្លៀតឱកាសនេះ គោរពថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមសហការធ្វើឲ្យកិច្ចការនេះអាចលេចចេញជារូបរាងដូចបានឃើញស្រាប់។

មហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលគេហៅតៗគ្នាថា ផ្លូវ៦០ម៉ែត្រ ជាផ្លូវមួយខ្សែធំល្វឹងល្វើយមើលទៅរលោងស្រឹលល្អណាស់ អមដោយបង្គោលភ្លើងបំភ្លឺផ្លូវ និងដើមឈើ ផ្តល់នូវសោភ័ណភាពដ៏ស្រស់ស្អាត។ មហាវិថីនេះតភ្ជាប់ពីផ្លូវ២៧១ ទៅផ្លូវជាតិលេខ២ ប្រវែងជិត១០គីឡូម៉ែត្រ ដោយឆ្លងកាត់ខណ្ឌមានជ័យ និងខណ្ឌដង្កោ គឺជាមហាវិថីធំ និងវែងជាងគេនៅរាជធានីភ្នំពេញរបស់យើងជាលើកដំបូង។ មហាវិថីមួយនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋដឹកទំនិញផ្សេងៗនិងកសិផលច្រើនសព្វសារពើ រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល តាកែវ កំពត យ៉ាងមមាញឹកពិសេសក្នុងតំបន់ថែមទៀត។ លើសពីនេះមហាវិថីសម្តេចតេជោ ហ៊ុន សែន គឺជាខ្សែផ្លូវយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ និងចូលរួមកាត់បន្ថយការចំណាយនិងជម្រុញកំណើនសេដ្ឋកិច្ចទីផ្សារបានយ៉ាងល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង