ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខសន្តិសុខជាតិកម្ពុជា បញ្ជាឲ្យមេប៉ូលីស វាយតម្លៃសភាពការណ៍ ឆ្លើយតបនឹង បញ្ហាសន្តិសុខសង្គម ខណៈនៃការកើតឡើងជំងឺកូវីដ១៩នៅកម្ពុជា

63

 

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមដាន និងវាយតម្លៃសភាពការណ៍ជាក់ស្តែងក្នុងពេលបច្ចុប្បន្ននេះ ដើម្បីឆ្លើយតបនិងដាក់ចេញវិធានការដើម្បីបង្ការទប់ស្កាត់ចំពោះជនឱកាសនិយមដែលអាចបង្កអសន្តិសុខសង្គម ខណៈដែលមានការកើតឡើងនៅជំងឺកូវីដ១៩នៅកម្ពុជា ។

ថ្លែងក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៧ មីនា នេះ នាទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡា ហោម ស ខេង បានគូសបញ្ជាក់ថា នៅពេលដែលមានបញ្ហាច្របូកច្របល់កើតឡើងនោះ ។ សម្តេចបន្ដថា ច្បាស់ណាស់ជនខិលខូច ឬពួកឱកាសនិយមនឹងប្រព្រឹត្តិបទល្មើសជាមិនខាន ។

សម្តេច សង្កត់ថា មិនត្រូវមើលងាយ សភាពការណ៍ និងអន្តោម័តនោះទេ ។ ប៉ុន្តែត្រូវមានភាពម្ចាស់ការដើម្បីគ្រប់គ្រងសភាពការណ៍នេះ ។

សម្តេច បន្តថា បច្ចុប្បន្នកម្ពុជាមិនទាន់សម្រេចក្នុងការដាក់ប្រទេសក្នុងគ្រាអាសន្នដើម្បីឆ្លើយតបជុំវិញការរីករាលដាលជំងឺកូវីដ១៩នោះទេ បើទោះបីជាបណ្តាប្រទេសមួយចំនួនបានអនុវត្តន៍រួចហើយ ។ ជាក់ស្តែងប្រទេសថៃដែលមានព្រំប្រទល់ជាប់កម្ពុជាបានអនុវត្តន៍ហើយ ។

តែទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ត្រូវបានប្រមុខដឹកនាំកម្ពុជាបង្ហើបឲ្យដឹងផងដែរ ។ ប៉ុន្តែយើងមិនដឹងថាសម្តេចនឹងដាក់នៅក្នុងកម្រិតណានោះទេ ។ នេះបើតាមការបញ្ជាក់របស់សម្តេចក្រឡាហោម ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានលើកឡើងថា សម្តេចកំពុងឲ្យអ្នកច្បាប់សិក្សាពីវិសាលភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្ន។ សម្តេច ថា នេះជាវិធានការតឹងរឹងទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ នៅកម្ពុជា ។

សម្រាប់សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា នៅពេលដែលកម្ពុជាដាក់ប្រទេសក្នុងគ្រាអាសន្ននោះ សិទ្ធិស៊ីវិលមួយចំនួនត្រូវបានបិទដូចជាការជួបជុំតវ៉ាផ្សេងៗ។

សម្តេច បានបញ្ជាក់ថា សម្តេចមិនចង់ប្រើវិធានការនេះនោះទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់សម្តេចគ្មានប្រសិទ្ធភាពនោះ ។ សម្តេច ថា មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាព ពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ដូច្នេះសម្តេចក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រ ធានព្រឹទ្ធសភា និងស្នើសុំពីព្រះ មហាក្សត្រចេញ ព្រះរាជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង