ព្រឹទ្ធសភា ពិនិត្យ និងឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
ភ្នំពេញ៖ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើក សម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៤រូប។
អង្គប្រជុំបានដំណើរការ ដោយមានរបៀបវារៈតែមួយគឺ៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងកំណត់អំពី បែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រមទាំងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តនៅពេលដែលប្រទេសជាតិ ត្រូវបានដាក់ស្ថិតក្នុងភាពអាសន្ន ស្របតាមមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់នេះ មានគុណប្រយោជន៍ ក្នុងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដោយបានផ្តល់មូលដ្ឋានគតិយុត្ត ជាក់លាក់ដល់ការអនុវត្តមាត្រា២២ថ្មី មាត្រា៨៦ មាត្រា១០២ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានគតិយុត្តកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌ នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ជាមូលដ្ឋានគតិយុត្តកំណត់អំពី សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ដើម្បីដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុង ភាពអាសន្ន និងឱ្យរដ្ឋសភា ព្រឹទ្ធសភាទទួលបានពីរាជរដ្ឋាភិបាល នូវការរាយការណ៍ជាប្រចាំអំពីវិធានការបានដាក់ចេញ ក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងអាចស្នើសុំព័ត៌មានចាំបាច់បន្ថែម ផ្សេងៗទៀតពីរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យ និងការវាយតម្លៃអំពីវិធានការដែលបាន ដាក់ចេញក្នុងពេលដែលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ដើម្បីការពារសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ៥ជំពូក និង១២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន ១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នាសម័យប្រជុំលើកទី៤ នីតិកាលទី៦។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងក្រសួងយុត្តិធម៌ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។
ឯកឧត្តមកើត រិទ្ធ តំណាងរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍បញ្ជាក់ថា សេចក្តីព្រាងច្បាប់ “ស្ដីពីការគ្រប់ គ្រងប្រទេសជាតិក្នុងភាពអាសន្ន” បានរៀបចំឡើងស្របទៅតាមមាត្រា ២២ ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលបានចែងថានៅពេលប្រជាជាតិប្រឈមមុខ នឹងគ្រោះថ្នាក់ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹង ជាសាធារណៈដាក់ប្រទេស ជាតិស្ថិតក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពីនាយក រដ្ឋមន្ត្រី-ប្រធានរដ្ឋសភានិងប្រធានព្រឹទ្ធសភា។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ផ្អែកតាមមាត្រា ២២ថ្មីនៃរដ្ឋធម្មនុញ្ញការ សម្រេចដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន គឺជាព្រះរាជសិទ្ធិនៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវធ្វើឡើងនៅពេលប្រជាជាតិប្រឈម មុខនឹងគ្រោះថ្នាក់ ដែលជាទូទៅបណ្ដាល មកពីកាលៈទេសៈសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស ឬគ្រោះអាសន្នបន្ទាន់ចំពោះសុខ ភាពសាធារណៈបណ្ដាលមកពីការឆ្លងរាលដាល នៃជំងឺពេលមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សាធារណៈ ឬនៅពេលមានគ្រោះ មហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែងឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេសជាដើម។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការដាក់ប្រទេស ជាតិក្នុងភាពអាសន្នចាំបាច់ត្រូវមានមតិឯកភាពកំពូលរបស់ស្ថាប័នជាតិចំនួន ៣គឺ៖ប្រមុខរាជរដ្ឋាភិបាល ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា។
ឯកឧត្តមម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំ ពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះគឺជាមូលដ្ឋានគតិយុត្ត ដើម្បីឆ្លើយតប ទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពារទ្រព្យសម្បត្តិ និងបរិស្ថាន។ ជាពិសេសក្នុងស្ថានភាពរីករាល ដាលជំងឺកូវីដ១៩ ដែលជាវិបត្តិសកល កាន់តែច្រើន ឡើងក្នុងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕