ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ សេចក្ដីព្រាងច្បាប់ ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​

41

 

​ភ្នំពេញ​៖ ឯកឧត្តម​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ថ្លែងថា កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុម័ត​ទាំងស្រុង ដោយ​គ្មាន​ការកែប្រែ លើ “​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​”​។

​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បន្ត​ពិភាក្សា​លើ “​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​” កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០​នៅ​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី​វិមាន​សន្តិភាព​។​

​ឯកឧត្តម បាន​ថ្លែងថា សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​មាន​ខ្លឹមសារ​សង្ខេប​ដូចខាងក្រោម​៖
​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្ដីពី​ការសម្អាត​ប្រាក់​(Asia Pacific Group on Money Laundering-APG) កាលពី​ខែមិថុនា ឆ្នាំ​២០០៤ ប្រទេស​កម្ពុជា​បានរៀបចំ​ក្របខ័ណ្ឌ​គតិយុត្ត ដោយបាន​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់ ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅ​ថ្ងៃទី​២៤ មិថុនា ឆ្នាំ​២០០៧ និង​បាន​បង្កើត​យន្តការ​អនុវត្ត​ច្បាប់​ដូចជា​៖ គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់ជាតិ ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​ជាដើម​។​

​ក្នុង​ឆ្នាំ​២០០៧ នោះដែរ APG បាន​ចុះមក​វាយតម្លៃ និង​បាន​ពិនិត្យឃើញថា ក្របខ័ណ្ឌ​គតិយុត្ត​របស់​យើង នៅមាន​ចំណុច​ខ្វះខាត មិនទាន់​ស្របតាម​ស្ដង់ដារ និង​ការវិវឌ្ឍ​ថ្មីៗ​ពាក់ព័ន្ធ​នឹង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​តម្រូវឱ្យ​រៀបចំ​គតិយុត្ត និង​ស្ថាប័ន​។ បន្ទាប់មក នៅក្នុង​ឆ្នាំ​២០១១ ក្រុមការងារ​ហិរញ្ញវត្ថុ FATF បាន​បញ្ចូល​កម្ពុជា​យើង​ទៅក្នុង​បញ្ជី​ប្រផេះ​ជា​លើក​ទី​១ ហើយ​តម្រូវឱ្យ​យើង​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​។
​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ចំនួន​៣​មាត្រា ក្នុងនោះ​ទី​១ បំពេញបន្ថែម​និយមន័យ​នៅក្នុង​មាត្រា​៣ ដើម្បីឱ្យ​កាន់​តែមាន​ភាពច្បាស់លាស់ ស្របតាម​សភាពការណ៍​ថ្មី ទី​២ បំពេញបន្ថែម​មាត្រា​២៩ ដើម្បី​បន្ថែម​ការដាក់ទោស ពោលគឺ​បន្ថែម​មាត្រា​ចំនួន​៧ ថែមទៀត និង​ទី​៣ បំពេញបន្ថែម​មាត្រា​៣០ ដែល​បាន​បន្ថែម​មាត្រា​ចំនួន​៥ ដើម្បី​ចែង​ពី​ការ​បង្កក ការឃាត់ទុក និង​ការ​រឹបអូស​។ ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្ដីពី​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នេះ ត្រូវបាន​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០១៣ ដោយបាន​ដាក់ទោស​បទ​ល្មើស​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ការកំណត់​អំពី​យន្តការ​ច្បាស់លាស់​អំ​ពី​ការ​បង្កក ការឃាត់ទុក និង​ការ​រឹបអូស​ផល​នៃ​បទល្មើស​។ បន្ទាប់ពី​បានអនុម័ត​ច្បាប់​នេះ និង​បំពេញការងារ​មួយចំនួនទៀត​រួច FATF ក៏បាន​ដក​ប្រទេស​កម្ពុជា​ចេញពី​បញ្ជី​ប្រផេះ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៥​។​

​កិច្ចដំណើរការ​នៃ​ការរៀបចំ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​
​ប្រទេស​កម្ពុជា​យើង បាន​ទទួលរង​ការវាយតម្លៃ​អញ្ញ​ម​ញ្ញ​ម្ដងទៀត​ជា​លើក​ទី​២ នៅ​ឆ្នាំ​២០១៦ ដែល APG ពិនិត្យ​អំពី​ប្រសិទ្ធភាព នៃ​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​របស់​កម្ពុជា​។ ដោយសារ FATF ប្ដូរ​ស្ទង់​ដារ​របស់ខ្លួន​នៅ​ឆ្នាំ​២០១២ ហើយ​ការវាយតម្លៃ​លើក​នេះ គឺ​ប្រើ​ស្ដង់ដារ​ថ្មី​នេះ ការវាយតម្លៃ​បាន​ពិនិត្យឃើញថា កម្ពុជា​យើង​នៅ​ខ្វះខាត​មូលដ្ឋាន​គតិយុត្ត​បន្ថែមទៀត​ជាច្រើន សម្រាប់​ការងារ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ក៏ដូចជា​ហិរញ្ញប្បទាន​ដល់​ការរីក​សាយភាយ​អាវុធ​មហា​ប្រល័យ​។
​ភាពខ្វះ​ចន្លោះ​ជា​យុទ្ធសាស្ត្រ​ទាំងនេះ​ក្លាយជា​មូលហេតុ ដាក់​ប្រទេស​កម្ពុជា​ចូលទៅក្នុង​បញ្ជី​ប្រផេះ ជា​លើក​ទី​ពីរ កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ជា​លទ្ធផល FATF បានកំណត់​ផែនការ​សកម្មភាព​មួយ​ដែលមាន ១៤​ចំណុច​។ ផែនការ​សកម្មភាព​នេះ បាន​តម្រូវឱ្យ​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្ដីពី​ការប្រឆាំង​កា​រម្អា​ត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដើម្បី​បន្ថែម​នូវ​ខ្លឹម​សារសំខាន់ៗ​រួមមាន​៖ ១. ការកំណត់​ឱ្យបាន​ច្បាស់លាស់​នូវ​និយមន័យ​នៃ​ពាក្យ​បច្ចេកទេស ២. ការបញ្ជាក់​បន្ថែម​ពី​នីតិវិធី នៃ​ការយកចិត្តទុកដាក់​ស្គាល់​អតិថិជន ៣. ការបង្កើន​កម្រិត​ពិន័យ​ជា​សាច់ប្រាក់ នៅក្នុង​ទណ្ឌកម្ម​ខាង​ព្រហ្មទណ្ឌ ហើយ​ត្រូវ​ចូល​ជា​ធរមាន​ឱ្យបាន​មុន​ខែកញ្ញា ឆ្នាំ​២០២០​។​

ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​
​សេចក្ដីព្រាងច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែកលើ​ច្បាប់ ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ​២០០៧ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​២៩ និង​មាត្រា​៣០ នៃ​ច្បាប់​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ​២០១៣​ជា​គោល ព្រមទាំង​បញ្ចូល​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ​២០១៩-២០២៣ និង​អនុសាសន៍​តាម​ស្ដង់ដារ​ឆ្នាំ​២០១២ របស់ FATF ដែលមាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​។​

​ឯកឧត្តម​អ្នកនាំពាក្យ បាន​បញ្ជាក់ថា គោលបំណង​នៃ​ច្បាប់​នេះ មាន​គោលបំណង​ធានា​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដោយ​កំណត់​អំពី​វិធានការ​ត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និង​លុបបំបាត់​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ហើយ​វិសាលភាព​
​នៃ​ច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត ចំពោះ​រាល់​សកម្មភាព​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

អត្ថបទដែលជាប់ទាក់ទង