ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ ប្រើគ្រឿងចក្រកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅដើម្បីរំដោះទឹកចេញពីក្រុងភ្នំពេញ

65

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រើគ្រឿងចក្រជាច្រើនគ្រឿង ដោយកាយសំរាម ភក់ ដើមស្មៅត្រែង និងកំប្លោកដែលបានកកកុញ នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលការធ្វើសកម្មភាពកាយបើកផ្លូវទឹកបែបនេះ រហូតដល់ខេត្តកណ្តាល គឺក្នុងគោលបំណងដើម្បីរំដោះទឹកចេញពីខណ្ឌជាច្រើននៅរាជធានីភ្នំពេញមិនថាកណ្តាលនិងជាយក្រុងនៃរាជធានីភ្នំពេញនោះទេ។

    ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី២៥មិថុនានេះថា តាមការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើ

សកម្មភាពកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីរំដោះទឹកចេញពីខណ្ឌជាច្រើននៅរាជធានីភ្នំពេញ

   លោកសាំ ពិសិដ្ឋ បន្តថា ស្ទឹងជ្រៅ មានទំហំពី២០ម៉ែត្រទៅ៣០ម៉ែត្រ ហើយស្ទឹងនេះ ជាផ្លូវបង្ហូរទឹកយ៉ាងសំខាន់ពីប៉ែកខាងត្បូងមហាវិថីសហព័ន្ឋរុស្សុី និងប៉ែកខាងត្បូងផ្លូវជាតិលេខ ដែលទទួលទឹកពីប្រឡាយទួលពង្រ ប្រឡាយបឹងហា ប្រឡាយភូមិម័ល ប្រឡាយបឹងទំពុន ប្រឡាយបឹងត្របែក និងបឹងជើងឯក រួចបង្ហូរទឹកឆ្ពោះទៅទន្លេបាសាក់ ដែលអាចរំដោះទឹកចេញពីខណ្ឌចំនួន៣នៅជាយក្រុងនិង៥ខណ្ឌកណ្តាលក្រុង ក្នុងនោះរួមមាន៖ខណ្ឌដូនពេញ ,ចំការមន ,បឹងកេងកង ,៧មករា ,ទួលគោក( កណ្តាលក្រុង) មានជ័យ,ដង្កោនិងខណ្ឌពោធិសែនជ័យ (ជាយក្រុង) ដោយមើលឃើញពីសារៈសំខាន់នេះ ទើបលោកឃួង ស្រេង ធ្វើការណែនាំអោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើសកម្មភាពកាយសំរាម ភក់ ដើមស្មៅត្រែង កំប្លោក នៅទ្វារទឹកស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនេះតែម្តង សំដៅធ្វើយ៉ាងណាអាចរំដោះទឹកបាននៅរដូវវស្សានេះ៕

 

អត្ថបទដែលជាប់ទាក់ទង