ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញត្តឲ្យលោក ជា លាង វិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្រោយទទួលស្គាល់កំហុស

116

 

ភ្នំពេញ៖ បន្ទាប់ពីបានទទួល​ស្គាល់ និងសារភាពកំហុសជាសាធារណ:​ និងអនុវត្តតាមបញ្ជារបស់លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក​ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រូវបានដោះលែង​ និងបានអនុញ្ញត្តឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង​១២:០០នាទី​ ដោយមានអ្នកធានាត្រឹមត្រូវ​ ក្រោយពីធ្វើការសាកសួរចប់នៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា បុរស​ក្នុង​វ័យ​៤២​ឆ្នាំ​ម្នាក់​ត្រូវបាន​ត្រូវ​អាជ្ញាធរ​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​ហើយ​វាយខ្នោះ​ភ្លាមៗ​ដោយ​ចោទ​ពីបទ «​ប្រឆាំងនឹង​អ្នករាជការ​សារ​ធា​រណ​:» ខណៈដែល​បុរស​ម្នាក់ បើករថយន្ត​មក​ចត​ចំ​កណ្ដាល​ទ្រូងផ្លូវ​មិន​អាចឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ ហើយ​នៅពេល​ក្រុម​ប្រតិបត្តិ​ការធ្វើ​ការណែនាំ​ឲ្យ​បើករថយន្ត​ចេញពី​ទ្រូងផ្លូវ បែរជា​បដិសេធ ហើយ​ពេល​ក្រុម​ប្រតិបត្តិ​ការយក​ខ្នោះ​ចាក់​កង់​រថយន្ត និង​ត្រៀមលក្ខណៈ​ស្ទូច​រថយន្ត ចេញ​ពីលើ​ទ្រូងផ្លូវ ក៏​ដណ្ដើមយក​ខ្នោះ​ពី​សមត្ថកិច្ច ដោយ​រារាំង​មិន​ឲ្យ​ចាក់​កង់​រថយន្ត ហើយ​យក​ខ្នោះ​កំទេចចោល​ហើយ​បោះ​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​
អាជ្ញាធរ​ខណ្ឌទួលគោក​បាន​បញ្ជាក់ថា​៖ ករណី​ឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដោយមាន​ការអនុញ្ញាត​និង​បញ្ជា​ផ្ទាល់មាត់​ពី​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក និង​ដឹកនាំ​ផ្ទាល់​ពី​លោក ទាវ សំអឿន អភិបាលរង​ខណ្ឌទួលគោក​និង ដោយមាន​កិច្ចសម្របសម្រួល​ពី​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​ប្រតិបត្តិការ​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្ដែង​ពីបទ «​ប្រឆាំងនឹង​អ្នករាជការ​សារ​ធា​រណ​:» នៅ​ចំណុច​មុខផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣២ ក្រុមទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​
​មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​មានឈ្មោះ ជា លាង អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មើល​ការខុសត្រូវ​ផ្ទះជួល ស្នាក់​នៅផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣២ ក្រុមទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​
​ក្នុង​កិច្ចប្រតិបត្តិការ​នោះ រឹបអូស​រថយន្ត​ចំនួន​០២​គ្រឿង​ម៉ាក VISTO កូរ៉េ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8050 និង​រថយន្ត​ម៉ាក Camry ស៊េរី 2007 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6830 (​ចាប់យក​នៅ​កន្លែងកើតហេតុ​)​។​
​មន្ត្រី​អាជ្ញាធរ​រៀបរាប់​ដំណើររឿង​មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ដូច្នេះ​ថា​៖ នៅ​ថ្ងៃទី​១៧ ខែ វិច្ឆិកា ឆ្នាំ​២០២០ ម៉ោង​ប្រហែល​៤៖០០​នាទី​រសៀល​ថ្ងៃទី​១៧​វិច្ឆិកា​នេះ បុរស​ម្នាក់​ឈ្មោះ ជា លាង អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ បាន​បើករថយន្ត​ម៉ាក VISTO កូរ៉េ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-8050 និង​រថយន្ត​ម៉ាក Camry ស៊េរី 2007 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6830 មក​ចត​ចំ​កណ្ដាល​ទ្រូងផ្លូវ​លេខ​១៣២ ក្រុមទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដោយបាន​រំខាន និង​រារាំង​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ​មិនអាច​ធ្វើដំណើរ​បាន ក្រុម​ប្រតិបត្តិការ​បានធ្វើ​ការណែនាំ​ឲ្យ​ម្ចាស់​រថយន្ត​ឈ្មោះ ជា លាង បើករថយន្ត​ចេញពី​ទ្រូងផ្លូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន ប៉ុន្តែ​ឈ្មោះ ជា លាង បាន​បដិសេធ​មិន​ព្រម​បើកឡាន​ចេញ​ទេ ពេលនោះ​ក្រុម​ប្រតិបត្តិការ​បាន​យក​ខ្នោះ​ចាក់​កង់​រថយន្ត ដើម្បី​ចាក់​កង់​រថយន្ត​ត្រៀមលក្ខណៈ​ស្ទូច​រថយន្ត ចេញ​ពីលើ​ទ្រូងផ្លូវ តែ​ត្រូវបាន​ម្ចាស់​រថយន្ត​ឈ្មោះ ជា លាង ដណ្ដើមយក​ខ្នោះ​ពី​សមត្ថកិច្ច ដោយ​រារាំង​មិន​ឲ្យ​ចាក់​កង់​រថយន្ត ហើយ​យក​ខ្នោះ​កំទេចចោល​បោះ​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន ពេលនោះ​សមត្ថកិច្ច​ក៏បាន​ទៅ​ហៅ​ឈ្មោះ ជា លាង មក​សួរនាំ ប៉ុន្តែ​ត្រូវបាន​ឈ្មោះ ជា លាង បាន​រុញច្រាន​សមត្ថកិច្ច ភ្លាមនោះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ ជា លាង ក្នុង​បទល្មើស​ជាក់ស្ដែង និង​ចាប់យក​រថយន្ត​ចំនួន​០២​គ្រឿង​ខាងលើ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែម្ដង​៕

អត្ថបទដែលជាប់ទាក់ទង