ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាល​រាជធានី​អំពាវនាវ​ដល់​ម្ចាស់​ទីតាំង​ជួល និង​ផ្ដល់​សេវា​ផ្សេងៗ កុំ​កាត់លុយ ឬ​យក​លេស​ទាមទារ​សំណង​ពី​ម្ចាស់​កម្មវិធី ដែល​ត្រូវ​ពន្យារពេល​ដោយសារ​កូ​វីដ​១៩

70

 

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីអំពាវនាវ ដល់​ម្ចាស់​ទីតាំង​ជួល​រៀបចំ​កម្មវិធី និង​ផ្ដល់​សេវា​ផ្សេងៗ សូមកុំ​កាត់លុយ ឬ​យក​លេស​ទាមទារ​សំណង នៃ​ការខាតបង់​ពី​ម្ចាស់​កម្មវិធី ដែល​បាន​កក់​ប្រាក់ ដោយបាន​ស្ម័គ្រចិត្ត​ចូលរួម ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាល​នៃ​មេរោគ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។​

​តាម​សេចក្ដីអំពាវនាវ​របស់​លោក ឃួ​ង ស្រេង នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ៖​អនុវត្តតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បងប្អូន​ប្រជាពលរដ្ឋ ដែល​គ្រោង​រៀបចំ​កម្មវិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ និង​កម្មវិធី​ជួបជុំ​ផ្សេងៗ បានសម្រេច​លើក​ពេល ឬ​រំសាយ​កម្មវិធី ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។​

​ដើម្បី​ជាការ​លើកទឹកចិត្ត ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​កម្មវិធី​ទាំងអស់ ដែល​បាន​គោរព និង​អនុវត្ត យ៉ាង​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់ អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​-​លោកស្រី ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល រៀបចំ​កម្មវិធី ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់​ភេសជ្ជៈ ផ្កា និង​សម្ភារ​នានា ក៏​ដូច​ក្រុមហ៊ុន ឬ​អាជីវករ ដែល​ផ្តល់​សេវាកម្ម​ផ្សេងៗ ដល់​ការរៀបចំ កម្មវិធី​ទាំងអស់ សូមមេត្តា​យោគយល់​អធ្យាស្រ័យ និង​សូមកុំ​កាត់លុយ ឬ​យក​លេស​ទាមទារ​សំណង នៃ​ការខាតបង់​ពី​ម្ចាស់​កម្មវិធី ដែល​បាន​កក់​ប្រាក់ ព្រមទាំង​ជៀសវាង​ការយក​ឱកាស​នេះ ដើម្បី​កេងចំណេញ​ពី​ប្រជាពលរដ្ឋ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាល​នៃ​មេរោគ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​ក្តីសង្ឃឹម​ទុកជាមុន​ថា លោក លោកស្រី អ្នកឧកញ៉ា លោក​ឧកញ៉ា លោក​-​លោកស្រី ជា​ម្ចាស់​មជ្ឈមណ្ឌល​អគារ ភោជនីយដ្ឋាន ទីតាំង​សម្រាប់​ជួល​រៀបចំ​កម្មវិធី​ទាំងអស់ ម្ចាស់​សម្អាងការ ម្ចាស់​អាជីវកម្ម​ចុងភៅ ម្ចាស់​អាជីវកម្ម​លក់​ភេសជ្ជៈ ផ្កា និង​សម្ភារ​នានា ក៏​ដូច​ក្រុមហ៊ុន ឬ​អាជីវករ ដែល​ផ្តល់​សេវាកម្ម​ផ្សេងៗ​ដល់​ការរៀបចំ​កម្មវិធី​ទាំងអស់ នឹងចូលរួម​អនុវត្ត តាម​ខ្លឹមសារ នៃ​សេចក្តីអំពាវនាវ​នេះ ដោយ​ស្មារតី​យោគយល់​អធ្យាស្រ័យ​ខ្ពស់ និង​ឈរលើ​ស្មារតី​សាមគ្គី​ជាតិ​ជា​ធ្លុង​មួយ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ជាក់​ជាមិនខាន​៕​

អត្ថបទដែលជាប់ទាក់ទង