រថយន្តបើកទៅបុក រួចកិនពីលើចំក្បាល ក្មេងស្រីម្នាក់ បណ្តាលឲ្យស្លាប់
ភ្នំពេញ៖ ក្មេងស្រីម្នាក់អាយុ៣ ឆ្នាំ បាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបើកទៅបុករួចកិនពីលើចំក្បាលបណ្តាល ឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២ និង៣០ នាទីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១ ស្តិតនៅតាមបណ្តោយផ្លូវលេខ២ ផ្ទះលេខ១៨ A1EO ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពក្មេងស្រី ឈ្មោះ អូ អាតនីតា អាយុ៣ឆ្នាំ មានស្រុកកំណើតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីក្មេងស្រីម្នាក់ នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញជនរងគ្រោះ បានរត់លេងនៅមុខផ្ទះជិតនិងកន្លែងកើតហេតុ ស្រាប់តែភ្លាមៗនោះដែរ មានបុរសម្នាក់គាត់បានបើករថយន្ត Masda មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2-BG 0831 បានបើកទៅមុខគោលបំណងប្រុង នឹងបត់យករថយន្តទៅដាក់ និងមុខផ្ទះរៀបចំអីវ៉ាន់ទៅការមិត្តភក្តិនៅខាងខេត្តកំពត ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតបុកទៅលើក្មេងស្រីអាយុទើបតែ៣ ឆ្នាំ រួចកិនពីលើចំក្បាលបណ្តាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យរុស្ស៊ី។ ជនបង្ក ត្រូវឃាត់ខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការទៅតាមផ្លូវច្បាប់៕