ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្ស និស្សិតដែលជាប់បាក់ឌុប ឆ្នាំនេះ នឹងទទួលបានការបញ្ជាក់សញ្ញាបត្រ ដោយមិនយកប្រាល់ក្នុងរយៈពេល៦០ថ្ងៃ

85

ភ្នំពេញ៖ អាជ្ញាធរខណ្ឌទួលគោកនិងផ្ដល់សេវានៃការបញ្ជាក់សញ្ញាបត្របាក់ឌុបជូនដល់ប្អូនៗ សិស្សនិស្សិតដែលត្រៀមនឹងប្រលងចូលមហាវិទ្យាល័យនានា ដោយមិនយកប្រាក់ ក្នុងរយៈពេល៦០ថ្ងៃ ដោយចាប់ផ្តើមអនុវត្តចាប់ពី ពួកគាត់ទទួលបានសញ្ញាប័ត្របាក់ឌុបរហូតដល់ថ្ងៃទី៣១ខែមិនាឆ្នាំ២០២១ ដើម្បីជាការលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដែលបានជាប់បាក់ឌុបក្នុងដំណាក់កាលកូវីដ១៩នេះ។

  នេះបើតាមការបញ្ជាក់របស់លោកឯក ឃុនដឿនអភិបាលនៃគណៈអភិបាលខណ្ឌទូកគោក ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២០របស់ក្រុមប្រឹក្សាខណ្ឌទួលគោកអាណត្តិទី៣ នាព្រឹកថ្ងៃទី២៨ ខែមករាឆ្នាំ២០២១នេះ នៅសាលាខណ្ឌទួលគោក ក្រោមវត្តមាន លោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកឯក ឃុនដឿនអភិបាលខណ្ឌទួលគោក។

  លោកឯក ឃុនដឿនបានមានប្រសាសន៍លើកឡើងថា អនុវត្តតាមដីកាសម្រេចរបស់ក្រសួងមហាផ្ទៃ  លោកស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់របស់រដ្ឋបាលខណ្ឌទួលគោក ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ពិសេសៗសិស្សានុសិស្សដែលបានជាប់បាក់ឌុបនៅឆ្នាំនេះដើម្បីយើងគ្រប់គ្រងស្ថិតិឲ្យបានច្បាស់លាស់ក្នុងការផ្ដល់សេវានៃការបញ្ជាក់សញ្ញាបត្របាក់ឌុបជូនពួកគាត់ដោយមិនគិតប្រាក់ ដោយចាប់ផ្តើមអនុវត្តចាប់ពីពេលដែលពួកគាត់ទទួលបានសញ្ញាប័ត្របាក់ឌុបរហូតដល់ថ្ងៃទី៣១ខែមិនាឆ្នាំ២០២១ នេះជាការលើកទឹកចិត្តដល់ប្អូនសិស្ស និសិ្សតទាំងអស់ក្នុងដំណាក់កាលដែល ប្រទេសកម្ពុជាប្រឈមនឹងជំងឺកូវីដ១៩

  លោកឯក ឃុនដឿន ក៏បានបញ្ជាក់ផងដែរថា ចំពោះប្អូនៗ ដែលត្រូវបញ្ជាក់សញ្ញាបត្រ មិនយកប្រាក់នេះគឺធ្វើឡើងចំពោះប្អូនៗដែលស្នាក់នៅរៀនសូត្រនៅក្នុងមូលដ្ឋានខណ្ឌទួលគោក និងសិស្សានុសិស្សដែលរៀននៅសាលាដែលមានមូលដ្ឋានខណ្ឌទួលគោក។

  លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកបានបញ្ជាក់ផងដែរថា ការបញ្ជាក់ខាងលើនេះ គឺដើម្បីឱ្យការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌទួលគោក មានជាមូលដ្ឋានក្នុងការធ្វើការនៃការផ្ដល់សេវាកម្មនេះជូនទៅដល់ប្អូនៗសិស្សានុសិស្សដែលទើបជាប់បាក់ឌុប ដោយស្វ័យប្រវត្តិ ដោយមិនគិតថ្លៃទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ នេះជាការលើកទឹកចិត្តមួយដ៏ធំមួយរបស់រដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលប្រទេសកម្ពុុជាប្រឈមនឹងជំងឺកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង