ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ពីឆ្នាំ២០២១តទៅ អ្វីដែលផ្ដោតសំខាន់នោះ គឺការបន្តផ្ទេរសិទ្ធិអំណាច និងធនធាន ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ

50

 

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លីម៉ង់ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួង។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម បានស្វាគមន៍ និងអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងភាគីទាំងពីរ ជាពិសេសនៅក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដែលមានភាគីអាល្លឺម៉ង់ កំពុងជួយលើការងារវិមជ្ឈការ និងវិសហមជ្ឈការ។ សម្ដេច ក៏សង្ឃឹមជឿជាក់ថាភាគីមិត្តអាល្លឺម៉ង់ នឹងបន្តជួយកម្ពុជា លើកិច្ចការងារនេះជាបន្តទៀត។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ជម្រាបជូនសម្ដេច ថាភាគីអាល្លឺម៉ង់ មិនត្រឹមតែបន្តជួយគាំទ្រកម្ពុជាលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះទេ ប៉ុន្តែនឹងថែមទាំងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនេះផងដែរ។

ឯកឧត្តម បានជម្រាប សម្ដេចក្រឡាហោម ថានៅក្នុងជំនួបនាថ្ងៃនេះ ឯកឧត្តម មានគោលបំណងស្វែងយល់ពីវឌ្ឍនភាពការងារកំណែទម្រង់នេះ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់សាធារណរដ្ឋអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ និងចង់ជម្រាបជូនសម្ដេច អំពីគំនិតផ្ដួចផ្ដើមក្នុងការគាំទ្រដល់ការងារនគរបាល និងសហគមន៍។

ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោម បានបញ្ជាក់ជូនឯកឧត្តម ឯកអគ្គរដ្ឋទូត ថាមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់ការអនុវត្តផែនការជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី១ និងកំពុងបន្តរៀបចំផែនការដំណាក់កាលទី២ សម្រាប់រយៈពេល១០ឆ្នាំបន្តទៀត ដើម្បីបន្តការងារកំណែទម្រង់នេះ។ សម្ដេច បានថ្លែងអំណរគុណភាពអាល្លឺម៉ង់ ដែលបានគាំទ្រលើផ្នែកបច្ចេកទេសក្នុងការរៀបចំផែនការជាតិរយៈពេល១០ឆ្នាំ បន្តទៀតនេះ ។

ដោយឡែកចំពោះសមិទ្ធផលធំៗក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺមាន២ធំៗ ទី១ រាជរដ្ឋាភិបាលមានការស្រុះស្រួលផ្ទៃក្នុង រវាងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក៏មានការយល់ដឹងកាន់តែច្រើនរបស់សាធារណៈជនដែលនេះជាទុនមួយដ៏មានសារៈសំខាន់ក្នុងការគាំទ្រដល់កំណែទម្រង់នេះឱ្យមានវឌ្ឍនភាពទៅមុខ ។

សមិទ្ធផលធំទី២ គឺតាមរយៈផែនការ១០ឆ្នាំ ដែលបានអនុវត្តដំណាក់កាលទី១នោះ គឺបានរៀបចំនូវលិខិតបទដ្ឋាន ក៏ដូចជាយន្តការផ្សេងៗសម្រាប់ដំណើរការកំណែទម្រង់នេះ ដោយក្នុងនោះមានជាអាទិ៍ ការរៀបចំច្បាប់ ដំណើរការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដែលនេះគឺជាផ្នែកមួយនៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះដែរ ។

សម្ដេច បន្តថាការផ្ទេរធនធាន និងសិទ្ធិអំណាចទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មានវិស័យពីរបានផ្ទេរច្រើនជាងគេ គឺវិស័យសុខាភិបាល និងវិស័យអប់រំ ហើយបន្តបន្ទាប់ទៅទៀតនេះ រាជរដ្ឋាភិបាលនឹងបន្តពិនិត្យលើវិស័យអាទិភាពផ្សេងៗទៀតដើម្បីបន្តផ្ទេរទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្ដេចបានគូសបញ្ជាក់ទៀតថាទន្ទឹមនឹងសមិទ្ធផលធំៗទាំងពីរនេះ ក៏មានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជាការមិនស្រុះស្រួលគ្នាខ្លះនៅក្នុងការងាររបស់វិស័យមួយចំនួន និងកត្តាធនធានមនុស្សដែលជាកត្តាស្នូលនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ។

សម្ដេច បានបន្ថែមថាទោះបីជាល្បឿននៃការងារកំណែទម្រង់នេះ មិនបានលឿនដូចចិត្តដែលយើងចង់បាន ឬទោះបីមានបញ្ហាប្រឈមខ្លះ ប៉ុន្តែមានវឌ្ឍនភាពទៅមុខជាលំដាប់ ជាក់ស្ដែង គឺការបញ្ចប់ដំណាក់កាលទី១ រយៈពេល១០ឆ្នាំ និងកំពុងធ្វើផែនការ១០ឆ្នាំ ជាដំណាក់កាលទី២ បន្តទៀត។

សម្ដេច បានមានប្រសាសន៍ទៀតថា ចាប់ពីឆ្នាំ២០២១តទៅ អ្វីដែលផ្ដោតសំខាន់នោះគឺការបន្តផ្ទេរសិទ្ធិអំណាច និងធនធានទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ហើយដែលកត្តាធនធានមនុស្សគឺជាកត្តាស្នូលដើម្បីធានាថាការផ្ទេរសិទ្ធិអំណាច និងធនធាននេះ គឺថ្នាក់ក្រោមជាតិពិតមានលទ្ធភាព និងសមត្ថភាពអនុវត្តរាល់ការងារដែលបានផ្ទេរជូន ។

ចំពោះប្រធានបទពាក់ព័ន្ធនឹងការងារនគរបាល និងសហគមន៍វិញ ឯកឧត្តម ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានជម្រាប សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ថាការងារនេះ គឺផ្ដោតទៅលើនគរបាល នៅឃុំ-សង្កាត់ ជាគម្រោងមួយដែលឯកឧត្តម ស្នើផ្ដល់ការគាំទ្រដល់ភាគីកម្ពុជា ក្នុងបំណងធ្វើយ៉ាងណាដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយនឹងមន្រ្តីនគរបាល នៅតាមមូលដ្ឋានដែលនៅជិតប្រជាពលរដ្ឋ និងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងរបៀរបបនៃការធ្វើទំនាក់ទំនង និងការចូលរួមរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើងជាមួយនឹងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ។

ឆ្លើយតបនឹងគំនិតផ្ដួចផ្ដើមនេះ សម្ដេចក្រឡាហោម បានសម្ដែងការស្វាគមន៍ និងបានជម្រាបគំនិតនេះពិតជាស្របទៅនឹងអ្វីដែលរាជរដ្ឋាភិបាល កំពុងធ្វើបច្ចុប្បន្ននេះ ជាពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានកែលម្អរបន្ថែមនូវគោលនយោបាយភូមិឃុំ.សង្កាត់ មានសុវត្ថិភាពដើម្បីធ្វើយ៉ាងណាឱ្យគោលនយោបាយនេះមានភាពសមស្រប និងឆ្លើយតបនឹងស្ថានភាព និងការវិវត្តន៍ជាក់ស្ដែងនៃសង្គមបច្ចុប្បន្ន ពីព្រោះនគរបាល ឃុំ.សង្កាត់ គឺជាតួអង្គស្នូលក្នុងការចាត់តាំងអនុវត្តនូវគោលនយោបាយនេះ ។

ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងក្ដីរីករាយ និងបានជម្រាបសម្ដេចថាការគាំទ្រដល់នគរបាល នៅតាមសហគមន៍នេះ គឺជាគម្រោងមួយដែលអាចនាំឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីពង្រីកិច្ចសហប្រតិបត្តិការលើផ្នែកនេះ និងផ្នែកពាក់ព័ន្ធដទៃទៀតរវាងភាគីអាល្លឺម៉ង់ និងភាគីរាជរដ្ឋាភិបាលកម្ពុជា ។

ដើម្បីពង្រឹង និងពង្រីកកិច្ចសហការទាំងលើវិស័យកំណែទម្រង់វិមជ្ឈការ និងវិសមជ្ឈការ និងដើម្បីគាំទ្រគម្រោងលើការងារនគរបាល និងសហគមន៍នេះ សម្ដេចក្រឡាហោម និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានឯកភាពរៀបចំដំណើរទស្សនកិច្ចរួមគ្នាមួយទៅកាន់ទីតាំងមួយចំនួន ដែលបានអនុវត្តការងារកំណែទម្រង់ ដើម្បីពិនិត្យជាក់ស្ដែង ។

សម្ដេច បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចនេះ ពិតជាមានសារៈសំខាន់ដែលនឹងធ្វើឱ្យមន្រ្តីនៅមូលដ្ឋានបានយល់ជ្រួតជ្រាបកាន់តែច្បាស់ថាអ្វីដែលរាជរដ្ឋាភិបាល បានធ្វើមកដល់បច្ចុប្បន្ននេះទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាអនុវត្តដែលមានភាពត្រឹមត្រូវ និងមានគម្រូច្បាស់លាស់ដូចដែលភាគីអាល្លឺម៉ង់ បានអនុវត្តជោគជ័យរួចហើយ។

សម្ដេច បន្ថែមថាទន្ទឹមនឹងនោះ ដំណើរទស្សនកិច្ចនៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាលនៅតាមភូមិភាគ ដើម្បីស្វែងយល់បន្ថែមអំពីការបណ្ដុះបណ្ដាលនគរបាល ធ្វើយ៉ាងណាដើម្បីឱ្យគម្រោងនគរបាល និងសហគមន៍ ដែលជាគំនិតផ្ដួចផ្ដើម និងគាំទ្រដោយភាគីអាល្លឺម៉ង់នេះ ពិតជាឆ្លើយតបនឹងតម្រូវការ និងភាពជាក់ស្ដែងនៃការងារនគរបាលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង