ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វ៉ាក់សាំង​កូ​វីដ​១៩ ចំនួន​៦០​ម៉ឺន​ដូ​ស​ជា​ជំនួយ​របស់​ចិន នឹងត្រូវ​បញ្ជូន​មកដល់​កម្ពុជា នា​ចុង​សប្តាហ៍​នេះ​

54

​ភ្នំពេញ​៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ចំនួន​៦០​ម៉ឺន​ដូ​ស ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ក្នុងដំណាក់កាល​ទី​១ នឹងត្រូវ​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា នា​ចុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក វ៉ាង វិ​ន​ធាន អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​។​

ការបញ្ជាក់​របស់លោក វ៉ាង វិ​ន​ធាន បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​លោក និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ នៅ​រសៀល​ថ្ងៃទី​៣ ខែកុម្ភ​: ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល ជាមួយ​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រាជធានី​ភ្នំពេញ​។ ពិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​, លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រ​ទាំង​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ក្រសួង សុខាភិបាល​។​

លោក វ៉ាង វិ​ន​ធាន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​បច្ចុប្បន្ននេះ ទោះពី​ប្រទេស​ចិន ក៏មាន​តម្រូវការ​ទាក់ទង​នឹង​វ៉ាក់សាំង​កូ​វីដ​-១៩ ប៉ុន្តែ ប្រទេស​ចិន បានសម្រេច​ថា​នឹង​ផ្តល់ជូន​ជាបន្ទាន់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៦០​ម៉ឺន​ដូ​ស ជា​ជំ​ហ៊ាន​ដំបូង​គេ មកដល់​ប្រទេស​កម្ពុជា ហើយ​មាន​ផែនការ​ចុង​សប្តាហ៍​នេះ នឹង​ប្រើប្រាស់​យន្តហោះ​ពិសេស​របស់​ប្រទេស​ចិន ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ​»​។​

រដ្ឋាភិបាល​ចិន បានសម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ឈ្មោះ Sinop harm ចំនួន​១​លាន​ដូ​ស ដល់​រដ្ឋា​ភិ បាល​កម្ពុជា ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។ វ៉ាក់សាំង​៦០​ម៉ឺន​ដូ​ស នឹងត្រូវ​បញ្ជូន​មកដល់​មុនគេ ហើយ​ក្រោយ​ទៀត នឹងត្រូវ​បញ្ជូន​ជា​បន្តបន្ទាប់​។​

នៅក្នុង​ពិធី​សំណេះសំណាល​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា ក្នុងចំណោម​ជំនួយ​វ៉ាក់សាំង​របស់​ចិន ដែល​ដឹក​មក​កម្ពុជា​លើកដំបូង ៦០​ម៉ឺន​ដូ​ស​នេះ នឹងត្រូវ​ចាក់​ដល់​កងទ័ព​ចំនួន​១៥​ម៉ឺន​នាក់ ស្មើ នឹង​៣០​ម៉ឺន​ដូ​ស​។​

សម្តេច បាន​ថ្លែងថា ដឹង​ទាំងអស់គ្នា​ហើយ កងទ័ព​មានតែ​៣០​ម៉ឺន​ទេ បានន័យថា ចែក​បាន​ពាក់កណ្តាល​ជាមួយ​ក្រសួងសុខាភិបាល ដែល​ត្រូវ​បំពេញការងារ​ច្រើន​ដែរ ប៉ុន្តែ​ដំបូង​បំផុត​គឺ​ទ័ព​សិន​»​។ សម្តេច​បានបញ្ជាក់​បន្ថែម​ថា កងទ័ព​ត្រូវ​ចាក់​ទាំងអស់ ហើយ​បន្តទៀត​គឺ​គ្រួសារ​របស់គាត់ និង​បន្តទៅ​អ្នក​ជុំវិញ​។ សម្តេច​អះអាងថា ក្រុម​សំខាន់​ផ្សេងទៀត ដែល​ត្រូវ​ទទួល​វ៉ាក់សាំង គឺ​មន្ត្រីរាជការ ជាពិសេស​កងកម្លាំងប្រដាប់អាវុធ នគរបាល​។​

កាលពី​ថ្ងៃ​០១ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លងទៅ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹក ស្អាត​បាក់​ខែង និង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចម្ការមន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​ត្រៀម​បម្រុង​វ៉ាក់សាំង​ចំនួន ២០​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​១០​លាន​នាក់ ដោយ​មិន​គិតថ្លៃ ដោយ​បុគ្គល​ម្នាក់​ត្រូវ​ចាក់​ចំនួន​។ ក្នុងចំណោម​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ នៅក្នុង​ផែនការ​របស់​កម្ពុជា​ទាំង​២០​លាន​ដូ​ស​នេះ មាន​ជំនួយ​១១​លាន​ដូ​ស​ផងដែរ​។​

ក្នុងចំណោម​ជំនួយ​១១​លាន​ដូ​ស​នោះ មាន​វ៉ាក់សាំង Sinopharm របស់​ចិន​ចំនួន​១​លាន​ដូ​ស ជំនួយ​ពី​ខូ​វ៉ា​ក់ (COVAX) ដែលជា​របស់​អង្គការ​សុខភាព​ពិភពលោក​ចំនួន​៧​លាន​ដូ​ស​, ជំនួយ​ទឹកប្រាក់​របស់​អូស្ត្រាលី ២៨​លាន​ដុល្លារ ស្មើនឹង​៣​លាន​ដូ​ស​ផងដែរ​។ ចំណែក​តម្រូវការ​៩​លាន​ដូ​ស​ទៀត ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន អះអាងថា នឹង​បន្ត​ស្នើសុំ និង​ទិញ​ពី​ប្រទេស​មួយចំនួន​។​

ទោះជា​យ៉ាងនេះ​ក្តី សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ក្នុងចំណោម​វ៉ាក់សាំង​៩​លាន​ដូ​ស​នេះ កម្ពុជា​ក៏មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ​ផងដែរ ប្រសិនបើ​តម្លៃ​ត្រឹម ៤-៥​ដុល្លារ ក្នុង​១​ដូ​ស ដូច​តម្លៃ​វ៉ាក់សាំង​អស់​គ្លេ​ស AstraZeneca នាពេល​បច្ចុប្បន្ន​។ សម្តេច​បាន​បញ្ជាក់ថា ការចូលរួម​បរិច្ចាគ​ថវិកា​របស់​ព្រះមហាក្សត្រ សម្តេចម៉ែ និង​សម្បុរ​សជន​នានា ដែលមាន​ទឹកប្រាក់​សរុប​៥៧​លាន​ដុល្លារ​នោះ នឹង​អាច​គ្រប់គ្រាន់​សម្រាប់​ការទិញ​វ៉ាក់សាំង​៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង