ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ដាក់ចេញឱ្យអនុវត្ត គោលនយោបាយ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០

37

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានដាក់ចេញឱ្យអនុវត្តនូវ«គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការដាក់ចេញឱ្យអនុវត្តគោលនយោបាយនេះ គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នៅក្នុងមុំទី៤ «ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ» នៃចតុកោណទី៤ «ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន»។

សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ត្រូវដាក់ចេញឱ្យអនុវត្តនូវ«គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ឆ្នាំ២០២០-២០៣០» ដែលមានមានចក្ខុវិស័យ«រួមចំណែកធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានបរិស្ថានស្អាត ការរស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងសោភ័ណភាពទាក់ទាញ សមស្របនឹងកំណើននៃនគរូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចឆាប់រហ័ស» និងមានគោលបំណង«រៀបចំបង្កើត និងដាក់ឱ្យអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន មានលក្ខណៈទំនើប គ្រប់ជ្រុងជ្រោយ ដោយគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច លទ្ធភាពធនធានហិរញ្ញវត្ថុ និរន្តរភាពបរិស្ថាន និងទិដ្ឋភាពសង្គម»។

ជាមួយគ្នានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា ការដែរបង្កើតបាននូវប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ គឺនៅមិនទាន់មានភាពគ្រប់គ្រាន់នៅឡើយទេ សម្រាប់បុព្វហេតុនៃកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងបរិយាប័ន្ន ប៉ុន្តែចាំបាច់ត្រូវមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ ការផ្លាស់ប្តូរឥរិយាបថ ទម្លាប់ របៀបរបបរស់នៅ របៀបរបបនៃការធ្វើអាជីវកម្ម-ផលិតកម្ម ប្រមទាំងការយល់ដឹងរបស់គ្រប់តួអង្គនិងភាគីពាក់ព័ន្ធទាំងអស់ ដែលជាអ្នកបង្កើតសំរាម សំណល់រឹងទីប្រជុំជន ដោយត្រូវអនុវត្តគោលការណ៍សកល ៣ អ៊ែ (3Rs): កាត់បន្ថយ(Reduce) ប្រើប្រាស់ឡើងវិញ(Reuse) និងកែច្នៃ (Recycle) ហើយត្រូវចាត់ទុកថា«សំណល់ជាធនធាន» រីឯ «អ្នកបង្កើតសំរាមមានកាតព្វកិច្ចបង់ថ្លៃសេវា»។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានណែនាំផងដែរឱ្យក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់នូវអភិក្រមការងារប្រកបដោយបុរេសកម្ម និងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានានូវភាពជោគជ័យនៃការអនុវត្តគោលនយោបាយនេះ។ រាជរដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្ត ដល់ភាគីបាក់ព័ន្ធដែលនឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងសំរាម សំណល់រឹងទីប្រជុំជននេះ។ សម្តេចតេជោ ហ៊ុន សែន បានសំណូមពរឱ្យប្រជាពលរដ្ឋគ្រប់រូប ដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធទាំងអស់សកម្មចូលរូមអនុវត្តគោលនយោបាយនេះ និងប្រកាន់ខ្ជាប់នូវកាតព្វកិច្ច ជាពលរដ្ឋល្អក្នុងការចូលរួមចំណែកថែរក្សា អភិរក្សបរិស្ថាន ក្រោមពាក្យស្លោក «កម្ពុជាស្អាតផ្តើមចេញពីយើងម្នាក់ៗ» ដែលជាបុរេលក្ខខណ្ឌកំណត់ភាពជោគជ័យនៃសមរភូមិកែទម្រង់និងការដ្ឋានការងារថ្មីមួយនេះ៕

អត្ថបទដែលជាប់ទាក់ទង