ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា​ទទួលយក​សេចក្តីព្រាងច្បាប់ ស្តីពី​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ មក​ពិនិត្យ សិក្សា​

52

 

​ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​អនុម័ត​លើ​របៀបវារៈ​កិច្ចប្រជុំ​ចំនួន​៨ នៅ​ព្រឹក​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១​។ នៅក្នុង​កិច្ចប្រជុំ​នោះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បានអនុម័ត​ទទួលយក​សេចក្តីព្រាងច្បាប់​ស្តីពី វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត មក​ប្រគល់ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ដើម្បី​ពិនិត្យ និង​សិក្សា តាម​សំណើ​របស់​រាជរដ្ឋាភិបាល​។​
​សេចក្តីព្រាងច្បាប់​ខាងលើនេះ​មាន ៦ ជំពូក និង​១៨​មាត្រា បានរៀបចំ​ឡើង​ក្នុង​បរិការណ៍​ដែល​ពិភពលោក ក៏ដូចជា​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កាន់តែខ្លាំង ស្មុគស្មាញ និង​ក្នុង​ទ្រង់ទ្រាយ​កាន់តែ​ធំ និង​បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ វិស័យសេដ្ឋកិច្ច​-​សង្គម និង​ជីវភាព​រស់នៅ​ជា​ប្រក្រតី​របស់​មនុស្សជាតិ​។
​សេចក្តីព្រាងច្បាប់​នេះ បង្កើត​ឲ្យ​មាន​មូលដ្ឋាន​គតិយុត្ត​មួយ​រឹងមាំ និង​គ្រប់​ជ្រុងជ្រោយ​បន្ថែមទៀត ដល់​ការគ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​ដ៏​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
​ចំណែក​សេចក្តីព្រាងច្បាប់​ដទៃទៀត ដែល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បានអនុម័ត​ទទួលយក​ប្រគល់ជូន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ពិនិត្យ​សិក្សា​ដែល​នោះ​មាន សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០​គីឡូវ៉ុល ពី​ខេត្តបាត់ដំបង ទៅកាន់​ព្រំដែន​កម្ពុជា​-​ថៃ​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្មេ​ថេ​ក ខូ អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ៥០០​គីឡូវ៉ុល ពី​រាជធានី​ភ្នំពេញ ទៅកាន់​ព្រំដែន​កម្ពុជា​-​ឡាវ ។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អគ្គិសនី​វៀតណាម​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ធានា​លើ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម​។​
​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ឆាយ​ណា ណេ​សិ​នណល ហេ​វី ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន សម្រាប់​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព ១៥០​មេ​ហ្កា​វ៉ា​ត់ ខេត្តកោះកុង ។​
​ក្រៅពីនោះ អង្គប្រជុំ​បានអនុម័ត​ទទួលស្គាល់ ឯកឧត្តម ខឹម ច័ន្ទ​គី​រី ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​ខេត្តកណ្តាល ជំនួស ឯកឧត្តម ង៉ោ សុវណ្ណ ដែល​បាន​សុំលាលែង​។ ការប្រកាស​សុពលភាព នៃ​អាណត្តិ​របស់ ឯកឧត្តម ខឹម ច័ន្ទ​គី​រី ជា​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នឹងធ្វើ​ឡើង​នៅក្នុង​សម័យប្រជុំ​រដ្ឋសភា នាពេល​ខាងមុខនេះ​។ បន្ទាប់មក អង្គប្រជុំ​បានអនុម័ត​សំណើសុំ​ជ្រើសតាំង លោកជំទាវ ពៅ សុភាព ជា​សមាជិក​គណៈកម្មកា​រ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ដើម្បី​ដាក់ជូន​សម័យប្រជុំ​រដ្ឋ​សភា នាពេលខាងមុខ បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង