ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីជម្រុញអោយ ស្រង់ស្ថិតិកម្មករ កម្មការិនីកំពុងធ្វើចត្តាឡីស័ក អោយបានច្បាស់លាស់ ដើម្បីងាយស្រួលផ្តល់អំណោយជូនពួកគាត់

45

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេងក្នុងកិច្ចប្រជុំតាមរយៈ video conference ជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាព្រឹក ថ្ងៃទី១៣ខែមេសា ឆ្នាំ២០២១នេះ បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤ ពិសេសខណ្ឌដែលត្រូវបានបិទខ្ទប់ភូមិដ្ឋាន ដើម្បីការពារជម្ងឺកូវីដ១៩ ដោយត្រូវស្រង់ស្ថិតិអោយបានច្បាស់លាស់ ងាយស្រួលក្នុងផ្តល់អំណោយជូនពួកគាត់។

  កិច្ចប្រជុំនេះផ្ដោតសំខាន់លើការងារគ្រប់គ្រងសភាពការណ៍ ការអនុវត្តតាមសេចក្ដីសម្រេចរបស់រដ្ឋបាលរាជធានីភំ្នពេញ ស្ដីពីការបិទខ្ទប់តំបន់ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ការងារស្ថិតិបន្ទប់ជួល ផ្ទះជួលនិងអ្នកស្នាក់នៅអចិន្ត្រៃយ៍ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីគ្រប់គ្រងនិងធានាឱ្យបានក្នុងការចែកអំណោយបានទៅដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័កក្នុងតំបន់បិទខ្ទប់។

  លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការចែកអំណោយនៅតំបន់បិទខ្ទប់ យើងត្រូវចែកជូនបងប្អូន កម្មករកម្មការិនីមុនគេ ព្រោះពួកគាត់ជាអ្នកមានជីវភាពខ្វះខាតជាងគេ ហើយក៏ងាយរងគ្រោះជាងគេផងដែរ ដែលអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់បំផុត។

    លោកឃួង ស្រេងបញ្ជាក់ផងដែរថា ចំពោះខណ្ឌ១១ទៀតដែលមិនមានការបិទខ្ទប់ភូមិដ្ឋានក៏ត្រូវតែចុះស្រង់ស្ថិតិអោយបានច្បាស់ដែរ មានន័យថា នៅពេលមានបញ្ហាកើតឡើងយើងមានស្ថិតិនៅក្នុងដៃស្រាប់។យើងទាំងអស់គ្នាត្រូវចូលរួមការគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តអោយបាន៣ការពារ ៣កុំព្រមទាំងការអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីជំងឺកូវីដ១៩៕

 

អត្ថបទដែលជាប់ទាក់ទង